Covid-19

WHO ជំរុញឲ្យ មានការ អន្ដរាគមន៍បន្ថែម ដើម្បីទប់ស្កាត់ការ ចម្លងជំងឺកូវីដ-១៩ នៅកម្ពុជា (Video)

ភ្នំពេញ ៖ អង្គការសុខភាពពិភពលោក (WHO) បានជំរុញឲ្យមានការអន្តរាគមន៍ ដែលមានប្រសិទ្ធភាពជាងមុន និងអំពាវនាវឲ្យមាន ការចូលរួមពីសហគមន៍ ឲ្យបានច្រើន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩នៅកម្ពុជា ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ WHO កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា មានប្រសាសន៍ថា «យើងត្រូវធ្វើអ្វីៗទាំងអស់ដែលយើងអាចធ្វើទៅបាន ដើម្បីការពារការរីករាលដាលនៃមេរោគ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាព សង្គម និងសេដ្ឋកិច្ច។ វាចាំបាច់ណាស់ក្នុងការ ស្វែងរកមធ្យោបាយដែលមានប្រសិទ្ធភាពជាងមុន ដើម្បីធានាការអនុវត្ត និងគោរពតាម វិធានការ សុខភាពសាធារណៈ និងសង្គម ជាពិសេសតាមរយៈការចូលរួមឲ្យបានច្រើនជាងមុនរបស់ សហគមន៍គ្រប់គ្នាៗ»។

លោកស្រី ក៏បានផ្តល់យោបល់ និងអនុសាសន៍អំពីអភិក្រមសម្រាប់ការ ត្រៀមរៀបចំទុកជាមុន និងការឆ្លើយតប ចំពោះ ជំងឺរាតត្បាតដែលមានការចូលរួម ពីស្ថាប័ន រាជរដ្ឋាភិបាល និងសង្គមទាំងមូល។ ជាមួយនឹងវិធីសាស្ត្រត្រៀមរៀប ចំទុកជាមុន និងឆ្លើយតបបែបនេះ កម្ពុជាសម្រេចបាននូវសមិទ្ធិផល គួរឲ្យកត់សម្គាល់ក្នុងការគ្រប់គ្រង ជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងឆ្នាំ២០២០ ដោយពេលនោះ មានចំនួនករណីឆ្លងតិច និងមិនមានករណីស្លាប់នោះទេ។

លោកស្រីបន្ថែមថា ខណៈរដ្ឋាភិបាល បានធ្វើការមិនខ្លាចនឿយហត់ ទាំងយប់ ទាំងថ្ងៃ ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុស ដើម្បីជួយសង្គ្រោះជីវិត និងការពារសុខភាព លទ្ធផលនៃការស្ទង់មតិរៀបចំដោយ អង្គការសុខភាព ពិភពលោក កាលពីខែឧសភា ឆ្នាំ២០២១ ដើម្បីស្វែងយល់អំពីអាកប្បកិរិយា និងការយល់ឃើញអំពីជំងឺ កូវីដ-១៩ បានរកឃើញថា សហគមន៍នៅកម្ពុជា មានភាពនឿយណាយ និងយល់ឃើញថា ស្ថានភាពមានហានិភ័យកម្រិតទាប។ លទ្ធផលរកឃើញទាំងនេះ ធ្វើឲ្យលោកស្រីព្រួយបារម្ភ ។

លោកស្រីថា ប្រជាពលរដ្ឋមានការធុញទ្រាន់ បន្ទាប់ពីការប្រយុទ្ធប្រឆាំងនឹងវីរុសអស់រយៈពេល ១៨ខែមក ប៉ុន្តែគ្មានជម្រើសផ្សេងទៀតទេ ប៉ុន្ដែត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយប្រជាពលរដ្ឋគ្រប់រូប មានតួនាទីសំខាន់ណាស់។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៨,៤២៧នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៣១,៨៥៨នាក់ និងស្លាប់ ចំនួន ៣៣៥នាក់៕

To Top