ព័ត៌មានជាតិ

លោក អ៊ុំ សំអាន គាំទ្រចំណាត់ការ របស់រដ្ឋបាលភ្នំពេញ ជុំវិញឲ្យរុះរើផ្ទះ និងបែរចិញ្ចឹមត្រី នៅលើផ្ទៃទឹក

ភ្នំពេញ ៖ ក្នុងនាមជាអ្នករិះគន់ លើជនជាតិ វៀតណាមម្នាក់ លោក អ៊ុំ សំអាន ដែលជាអតីតមន្រ្តី នៃអតីតគណបក្សសង្រ្គោះជាតិ បានគាំទ្រចំណាត់ការ របស់រដ្ឋបាលរាជធានីភ្នំពេញ ជុំវិញឲ្យពលរដ្ឋរុះរើ ផ្ទះបណ្តែតទឹក និង បែរចិញ្ចឹមត្រី ដែលគ្រប់គ្នាដឹងថា ភាគច្រើនជាជនជាតិវៀតណាម នៅលើផ្ទៃទឹកទន្លេ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។

លោកបានលើកឡើង ក្នុងបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ១៣ មិថុនា ថា “សូមគាំទ្រ ចំពោះចំណាត់ការរបស់អាជ្ញាធរ រាជធានីភ្នំពេញ ក្នុងការដេញទូក និងផ្ទះបណ្តែតទឹក វៀតណាម ចេញពីទន្លេក្នុងរាជធានី ភ្នំពេញ ប៉ុន្តែបើអនុវត្តច្បាប់ អន្តោប្រវេសន៍ ដោយបណ្តេញជនជាតិ វៀតណាមទាំងនោះទៅស្រុកយួនវិញ ប្រជាពលរដ្ឋខ្មែរ ពិតជាគាំទ្រជាងនេះ” ។

លោកថា កម្ពុជាត្រូវមានចំណាត់ការ ដូចអាជ្ញាធររាជធានីភ្នំពេញ ឲ្យបានគ្រប់ខេត្ត ។

សូមរំលឹកថា កាលពីថ្ងៃ២ មិថុនា រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យម្ចាស់ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ ឬចល័តបែចិញ្ចឹមត្រី និងសំណង់ មិនរៀបរយ លើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរុះរើជាបន្ទាន់ ។ ការឲ្យរុះរើនេះ ដោយសារអាជ្ញាធរភ្នំពេញ មើលឃើញថា កន្លែងខ្លះ បានប្រែក្លាយជាកន្លែងរស់នៅដោយខុសច្បាប់ យ៉ាងអាណាធិបតេយ្យ បង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរគោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី ការបញ្ចេញកាកសំណល់ បន្ទោបង់ ពាសវាលពាសកាលក្នុងទន្លេ ធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាព រាជធានីភ្នំពេញ ។
ឃើញថា ក្រោយការប្រកាស របស់រដ្ឋបាលរាជធានីភ្នំពេញ រហូតមកដល់ ថ្ងៃ១៤ មិថុនា ពលរដ្ឋដែលជាអ្នករស់នៅលើផ្ទៃទឹក នោះបានអនុវត្តតាមបញ្ជារដ្ឋបាល រាជធានីភ្នំពេញដោយបានរុះរើ ចេញជាបណ្តើរៗហើយ ៕

To Top