ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិកម្ពុជា បានចេញបទបញ្ជា ឲ្យអ្នកពាក់ព័ន្ធស្វែងរកបុគ្គលណា ដែលយកលុយពីប្រជាពលរដ្ឋពេលទៅចាក់ថ្នាំវ៉ាក់សាំងកូវីដ-១៩ ដើម្បីយកមកផ្តន្ទាទោស ទៅតាមច្បាប់ឲ្យបាន ។
សម្ដេច ទៀ បាញ់ បានចេញបទ បញ្ជាបែបនេះ ក្រោយពីមានមេខ្យល់នាំប្រជាពលរដ្ឋ មកពីតំបន់ផ្សេងៗ មកចាក់វ៉ាក់សាំង ហើយយកលុយ ពីពួកគាត់ក្នុងម្នាក់២០ដុល្លារ ខណៈរាជរដ្ឋាភិបាល ពុំបានឲ្យយកលុយនោះឡើយ។
ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុប លទ្ធផលយុទ្ធនាការងារ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី និងជនបទរទេស អាយុចាប់ពី១៨ឆ្នាំឡើងទៅ នៅខណ្ឌចំនួន៦ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នាថ្ងៃ១៤ មិថុនា សម្តេច ទៀ បាញ់ ប្រាប់ក្រុមអ្នក សារព័ត៌មានថា «មិនត្រូវលើកលែងឲ្យនោះឡើយ ចំពោះបុគ្គលដែលមានពាក្យចរចាម អារាមថា បានយកលុយពីប្រជាពលរដ្ឋពេល ទៅចាក់ថ្នាំវ៉ាក់សាំង ការពារមេរោគកូវីដ-១៩នេះ»។
យ៉ាងណាក៏ដោយ សម្តេច ទៀ បាញ់ បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ ក្រុមការងារចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ក្នុងខណ្ឌចំនួន៦ នៃរាជធានីភ្នំពេញបានប្រហែល ១លាននាក់ហើយ ហើយបន្ទាប់ក្រសួងការពារជាតិ នឹងធ្វើការចាក់ជូនប្រជាពលរដ្ឋ នៅខេត្តចំនួន៥បន្តទៀត ដូចជា ខេត្តកំពង់ចាម កំពងស្ពឺ តាកែវ ស្វាយរៀង និង ព្រះសីហនុ ដើម្បីធ្វើយ៉ាងណាពន្លឿន ការចាក់ជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័សបំផុត ស្របទៅតាមការណែនាំ របស់រាជរដ្ឋាភិបាល ផងដែរ ។
សូមរំលឹកថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំ ដែលដឹកនាំដោយក្រសួងការពារជាតិ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី៣០ មេសា។ យោងតាមរបាយការណ៍ របស់ក្រសួងការពារជាតិ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៣ មិថុនា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ចំនួន ១,៣០៤,២៦១នាក់ ក្នុងនោះ ចាក់នៅតំបន់ក្រហម ចំនួន ៩៩៣,៩០២នាក់ ។ដោយឡែក ចាក់លើកទី២ ចំនួន ១,១៤១,៥៥០នាក់ ៕