ព័ត៌មានជាតិ

កម្ពុជា-សិង្ហបុរី បេ្តជ្ញាបន្តរួមគ្នា ពង្រីកវិស័យការងារ និងបណ្តុះបណ្តាល ធនធានមនុស្ស របស់កម្ពុជា ឲ្យកាន់តែប្រសើរ បន្ថែមទៀត

ភ្នំពេញ ៖ កម្ពុជា-សិង្ហបុរី បានបេ្តជ្ញាយ៉ាងមុតមាំ ក្នុងការពង្រីកលើវិស័យការងារ និង បណ្តុះបណ្តាល ធនធានមនុស្ស របស់កម្ពុជា ឲ្យបានកាន់ តែប្រសើរបន្ថែមទៀត ដើម្បីឆ្លើយតបឲ្យទាន់ទៅនឹង ការរីកចម្រើនយ៉ាងឆាប់ រហ័សនៃបច្ចេកវិទ្យា ទាំងក្នុងតំបន់ និងពិភពលោក។

ការប្តេជ្ញានេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងការងារ នៅក្នុងជំនួបពិភាក្សាការងាររវាង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី Teo Lay Cheng អគ្គរដ្ឋទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី។
លោកស្រីអគ្គរដ្ឋទូត បានបញ្ជាក់ថា តាមរយៈបេកសកកម្មការទូត របស់លោកស្រីនៅកម្ពុជា នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំង កាយចិត្តក្នុងការពង្រឹងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឲ្យកាន់តែស្អិតរមួតបន្ថែមទៀត ។

លោករដ្ឋមន្ត្រីបានបន្តថា សិង្ហបុរីបានជួយបណ្ដុះបណ្ដាលជំនាញ បច្ចេកទេសជាច្រើន ដល់គ្រូបង្គោល និងសិក្ខាកាមកម្ពុជា ពិសេសសិង្ហបុរីបានបញ្ជូនគ្រូជំនាញៗមកបណ្ដុះបណ្ដាលដល់ប្រទេសកម្ពុជាផ្ទាល់ ។

ចំពោះផ្នែកសុវត្ថិភាព និងសុខភាព របស់កម្មករ នៅកន្លែងធ្វើការងារ សិង្ហបុរីក៏បានជួយច្រើនណាស់ដែរ ដូចជាជួយរៀបចំបច្ចេកទេសសុវត្ថិភាពឡចំហាយ នៅក្នុងរោងចក្រ ការបណ្ដុះបណ្ដាល អ្នកជំនាញត្រួតពិនិត្យឡចំហាយ ជាដើមដោយបានចូលរួមកាត់បន្ថយ បញ្ហាគ្រោះថ្នាក់ផ្សេងៗ បានយ៉ាងច្រើននៅក្នុង រោងចក្រ សហគ្រាស ។

លោក អ៊ិត សំហេង ស្នើបន្តការចុះអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ TVET ដែលបានចុះហត្ថលេខារវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយវិទ្យាស្ថានអប់រំបច្ចេកទេស (ITE) នៃប្រទេសសិង្ហបុរី និង ដែលបានផុតកំណត់តាំងពីខែមករា ឆ្នាំ២០១៩ មកម្ល៉េះ គឺពាក់ព័ន្ធនឹងវិស័យ បណ្ដុះបណ្ដាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលជាគន្លឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍ ប្រទេសពិសេស គឺកម្ពុជា ត្រូវការធនធានមនុស្ស ប្រកបដោយគុណវឌ្ឍ ហើយកន្លងមកសិង្ហបុរី ក៏បានដើរតួយ៉ាងច្រើន ក្នុងការជំរុញលើការងារនេះ ។

ចំពោះការបញ្ជូនពលការិនីខ្មែរ ទៅធ្វើការនៅប្រទេសសិង្ហបុរី នៅពុំទាន់មានកិច្ចព្រមព្រៀង ឬអនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នទទួលបន្ទុកណាមួយ នៃប្រទេសសិង្ហបុរី នៅឡើយដែលនាំអោយមានការលំបាក ក្នុងការគ្រប់គ្រងទិន្នន័យ ការការពារស្របច្បាប់ និងការស្វែងរកកិច្ចសហការនានាជាមួយភាគីសិង្ហបុរី ។
លោករដ្ឋមន្ត្រីបានបានស្នើ ដល់ភាគីសិង្ហបុរីពិចារណាបង្កើត ឱ្យមានកិច្ចព្រមព្រៀងបញ្ជូនពលករ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអនុញ្ញាតឱ្យមានការបញ្ជូន ពលករទូទៅបន្ថែម ក្រៅពីពលការិនី (ស្ត្រីជំនួយការមេផ្ទះ) ។

ជាការឆ្លើយតប លោកស្រីរីករាយ និងពេញចិត្តបន្តកិច្ចសហការភាពជាដៃគូ ជាមួយរដ្ឋាភិបាលកម្ពុជា ឲ្យកាន់តែមានល្អប្រសើរបន្តទៀត៕

To Top