ព័ត៌មានជាតិ

លោក សាម អ៊ីន ៖ អ្នកនិយាយថា ខ្មែរមិនចេះចិញ្ចឹមត្រី សូមរៀនស្វែងយល់ ពីប្រវត្តិសាស្រ្តខ្មែរ

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) លោក សាម អ៊ីន បានឲ្យលោក ខាន់ សុវណ្ណ ដែលនិយាយថា ខ្មែរមិនចេះចិញ្ចឹមត្រី ត្រូវរៀនស្វែងយល់ ពីប្រវត្តិសាស្រ្តរបស់ខ្មែរផង។

លោក សាម អ៊ីនបានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ១៥ មិថុនា ថា “សម្រាប់អ្នកដែលថា ខ្មែរមិនចេះចិញ្ចឹមត្រី និងគ្មានត្រីស៊ី បើដេញយួនអស់ចេញពីការតាំងទីលំនៅខុសច្បាប់នៅតាមដងទន្លេ សូមរៀនស្វែងយល់អំពីប្រវត្តិសាស្រ្តខ្មែរផង” ។

លោកថា ទឹកដីមួយភាគធំរបស់វៀតណាម និងរបស់ថៃបច្ចុប្បន្នស្ថិតក្នុងការគ្រប់គ្រង របស់អាណាចក្រខ្មែរទេ ហើយខ្មែរមានស្នាដៃ កសាងប្រាង្គប្រាសាទ រាប់ពាន់ទៀតផង ប៉ុន្តែក្រោយការចុះខ្សោយប្រមាណ ៤០០ឆ្នាំ ខ្មែរបច្ចុប្បន្នកំពុងខំប្រឹង កសាងស្មារតីអ្នកសាងសង់ អង្គរឡើងវិញ។

លោកសាម អ៊ីនបន្តថា កិច្ចការនេះទាមទារឲ្យអ្នកដឹកនាំ នយោបាយខ្មែរសម្លឹងមើលឲ្យបានឆ្ងាយ និងមានទឹកចិត្តអត់ ឱនឲ្យខ្មែរគ្នាឯងបានច្រើន ពីព្រោះជាខ្មែរធ្លាប់ជាជាតិ មួយដែលរួបរួមគ្នានិងខ្លាំងពូកែ ។

សូមបញ្ជាក់ថា បុគ្គលខាន់ សុវណ្ណ បានឡាយក្នុងបណ្តាញ សង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដោយនិយាយថា ពលរដ្ឋខ្មែរ មិនចេះចិញ្ចឹមត្រី និងខ្លាចស្រុកខ្មែរ អត់ត្រីស៊ី បើមិនមានអ្នកចិញ្ចឹមត្រី ក្នុងបែរ នៅក្នុងទន្លេនោះ ។ លោកនិយាយបែបនេះ ក្រោយរដ្ឋបាល រាជធានីភ្នំពេញ បានចេញវិធានការណ៍រដ្ឋបាល ឲ្យប្រជាពលរដ្ឋរស់នៅផ្ទៃទឹក ដែលភាគច្រើនត្រូវបានដឹងថា ជាជនជាតិវៀតណាម រុះរើផ្ទះលើផ្ទៃទឹក បែរចិញ្ចឹម និងសំណង់មិនរាបរយផ្សេងៗ ។

ជាមួយគ្នានេះដែរ សមាគមវារីវប្បករនៅកម្ពុជា បានប្រតិកម្មនិងថ្កោលទោស ចំពោះបុគ្គលខាន់ សុវណ្ណផងដែរ៕

To Top