កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៥ មិថុនា ២០២១នេះ បានដឹកនាំក្រុមការងារ មន្ទីរជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលបច្ចេកទេស ការងារស្ថាបនា ទប់ការបាក់ច្រាំងទន្លេ ៣កន្លែង នៅស្រុកស្រីសន្ធរ និងស្រុកកងមាស ដែលមានប្រវែង សរុប ២.០០០ម៉ែត្រ ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ចំណុចស្ថាបនា ការពារបាក់ច្រាំងទន្លេ ចំនួន ៣កន្លែង ១កន្លែងស្ថិតនៅក្នុងឃុំឬស្សីស្រុក ,២ នៅក្នុងឃុំកោះអណ្តែត ក្នុងស្រុកស្រីសន្ធរ និងកន្លែងទី៣ ស្ថិតក្នុងឃុំសូគង ស្រុកកងមាស ដែលសរុប ប្រវែង ២.០០០ ម៉ែត្រ ។

លោកអភិបាលខេត្ត បានបន្តថា កន្លងមក នៅរដូវទឹកជំនន់ ច្រាំងទន្លេក្នុងភូមិសាស្ត្រ នៃស្រុកទាំងពីរខាងលើ គឺមានការបាក់ច្រាំងទន្លេ និងប៉ះពាល់ដល់ដីធ្លី បង្កបង្កើតផលរបស់ប្រជាពលរដ្ឋ ។

លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ដោយមើលឃើញអំពីបញ្ហាទុក្ខលំបាក របស់ប្រជាពលរដ្ឋដូច្នេះ ទើបអាជ្ញាធរខេត្តកំពង់ចាម បានស្នើសុំទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបសម្ដេច បានអនុញ្ញាតឱ្យក្រុមហ៊ុន ធ្វើការស្ថាបនា ដើម្បីការពារច្រាំងទន្លេនេះ កុំឲ្យបាក់បន្តទៀត ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការស្ថាបនា ការពារច្រាំងទន្លេខាងលើ ជាលទ្ធផលរហូតមកដល់ពេលនេះ គឺខាងក្រុមបច្ចេកទេស សាងសង់បានក្នុងរង្វង់ ៦០ ភាគរយ ហើយ ។ ជាមួយគ្នានេះអាជ្ញាធរខេត្តរំពឹងទុកថា កិច្ចការខាងលើនឹងស្ថាបនារួចរាល់ នៅក្នុងដើមរដូវវស្សានេះ ពោលគឺមុនទឹកទន្លេមេគង្គឡើង ។
