ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ក្រោយបន្លំ ដើរយកលុយ ពីប្រជាពលរដ្ឋ លក់ដូរលើចិញ្ចើមផ្លូវ នៅក្រុងព្រះសីហនុ

ភ្នំពេញ៖រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅតាមបណ្តោយផ្លូវបូរីកម្មករ ( ផ្លូវ CT ) ចាប់ពីចំណុចមុខគ្លីនិកដើមស្វាយ ដល់មុខផ្សារពាណិជ្ឋកម្ម ស្ថិតនៅក្រុមទី១២ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ មានករណីបុរសម្នាក់ឈ្មោះ ភាង កុសល ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរសន្តិសុខឯកជន (មុន្នីឯករាជ្យ) បច្ចុប្បន្នស្នាក់នៅក្រុមហ៊ុន សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានដើរយកប្រាក់ ពីបងប្អូនប្រជាពលរដ្ឋ ដែលលក់ដូរ លើចិញ្ចើមផ្លូវសាធារណៈ។

ផ្អែកតាមការចម្លើយសារភាព របស់ជនសង្ស័យ បានអោយដឹងថា កន្លងមកគាត់ធ្លាប់បានដើរទារប្រាក់ ពីប្រជាពលរដ្ឋ ក្នុងការលក់ដូរតាមចិញ្ចើម ផ្លូវបូរីកម្មករ ចាប់តាំងពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ មកដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានប្រាក់ជាបន្តបន្ទាប់ ហើយបានពាក់អាវនិងមួកនគរបាល ព្រមទាំងអះអាង ប្រាប់អ្នកលក់ដូរថាខ្លួន ជាសមត្ថកិច្ចថែមទៀត។

យោងតាមការបំភ្លឺ របស់ប្រជាពលរដ្ឋ បានឲ្យដឹងថាជនសង្ស័យខាងលើ ដែលនគរបាលឃាត់ខ្លួននេះ រយ:ពេលកន្លងមក បានដើរយកប្រាក់ ពីប្រជាពលរដ្ឋ ដែលលក់ដូរតាមចិញ្ចើមផ្លូវ តាំងពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ក្នុងមួយថ្ងៃបាន១១.០០០រៀល ទៅ១៥.០០០រៀល ក្នុង១កន្លែង ។

សូមបញ្ជាក់ជូនបន្ថែម ៖ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ជននេះធ្លាប់បានស្លៀកពាក់ ឯកសណ្ឋានបន្លំ ធ្វើជានគរបាល នៅផ្សារពារណិជ្ជកម្ម ហើយត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ បានចាប់នាំយក មកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការអប់រំ និងចុះកិច្ចសន្យា ឲ្យបញ្ឈប់សកម្មភាពបន្លំ ធ្វើជានគរបាលម្តងរួចមកហើយ។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿង​បញ្ចូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

To Top