ព័ត៌មានជាតិ

កម្ពុជា ត្រៀមខ្លួនជាស្រេច សម្រួលដល់អ្នកវិនិយោគបារាំង មានបំណងពង្រីកប្រតិបត្តិការពាណិជ្ជកម្ម

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយសម្របសម្រួលដល់ធុរជន និងវិនិយោគិនបារាំងដែលមានបំណងពង្រីកប្រតិបត្តិការពាណិជ្ជកម្ម ជាពិសេសលើវិស័យកែច្នៃចំណីអាហារ ផលិតផលកសិកម្ម (ផ្លែឈើស្រស់) និងទេសចរណ៍ ជាដើម។

ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Eva NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្ដិ បានថ្លែងអំណរគុណចំពោះបេសកកម្មការទូតដ៏មានតម្លៃរបស់លោកស្រីក្នុងកិច្ចការពង្រឹង និងលើកស្ទួយកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-បារំាង គាំទ្រវិស័យធុរកិច្ច និងបានជំរុញឲ្យ មានការវិនិយោគពីបារាំងមកកម្ពុជា។

លោកបញ្ជាក់ថា «ត្រៀមខ្លួចរួចជាស្រេចរបស់ក្រសួងពាណិជ្ជកម្មក្នុងការជួយសម្របសម្រួលដល់ធុរជន និងវិនិយោគិនបារាំងដែលមានបំណងមកវិនិយោគ និងពង្រីកប្រតិបត្តិការពាណិជ្ជកម្ម ជាពិសេសនៅក្នុងវិស័យសក្តានុពលរួមមាន៖ ការកែច្នៃចំណីអាហារ ផលិតផលកសិកម្ម (ផ្លែឈើស្រស់) និងក្នុងវិស័យទេសចរណ៍ ដែលកត្តាទាំងនេះនឹងចូលរួមចំណែកទ្រទ្រង់ និងស្តារសេដ្ឋកិច្ចកម្ពុជា នៅក្រោយវិបត្តិកូវីដ-១៩»។

ជាកិច្ចឆ្លើយតប លោកស្រី ឯកអគ្គរដ្ឋទូត ក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច កំណែទម្រង់ច្បាប់ បទបញ្ញត្តិ និងការកសាងស្ថាប័ន នាពេលកន្លងមក។

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ក៏បារាំងនៅតែបន្តជាទីផ្សារនាំចេញទំនិញដ៏សំខាន់មួយរបស់កម្ពុជា ។ ចំពោះទំហំពាណិជ្ជកម្មកម្ពុជា-បារាំង នៅឆ្នាំ២០២០ សម្រេចបានចំនួន ៤៥៦ លានដុល្លារ និងគិតត្រឹមខែមេសា ឆ្នាំ២០២១ មានចំនួន ១៥៧ លានដុល្លារ៕

To Top