ព័ត៌មានជាតិ

លោក វន់ ពៅ ៖ កូវីដ១៩ធ្វើឲ្យកម្មករបម្រើ​ តាមផ្ទះមួយចំនួន បាត់បង់ការងារ ដោយម្ចាស់ផ្ទះ បរទេសវិល ទៅប្រទេសគេវិញ

ភ្នំពេញ ៖ ស្ថានភាពជំងឺកូវីដ១៩ នាពេលកន្លងមក ក៏ដូចបច្ចុប្បន្ននេះ បានធ្វើឲ្យអ្នកធ្វើការងារ តាមផ្ទះមួយ ចំនួន ត្រូវបាត់បង់ដោយសារ ម្ចាស់ផ្ទះជាជនបរទេស បង្ខំចិត្តវិលត្រឡប់ ទៅប្រទេស កំណើតវិញ ។ នេះជាការឲ្យដឹងពីលោក វន់ ពៅ ប្រធានសមាគម ប្រជាធិបតេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ។

លោក វន់ ពៅ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នាថ្ងៃ១៦ មិថុនានេះ គឺជាទិវាកម្មករការងារផ្ទះ អន្តរជាតិខួបលើកទី១០ ។ ក្នុងឱកាសនេះ លោកបានលើកឡើងថា “ការងារកម្មករធ្វើការ តាមផ្ទះបច្ចុប្បន្ន ឃើញថា អ្នកមួយចំនួនបាត់បង់ការងារ ដោយសារស្ថានភាព ជំងឺកូវីដ១៩ ជាពិសេសម្ចាស់ផ្ទះ ដែលជាជនបរទេស ត្រឡប់ទៅស្រុកវិញ” ។

លោកបន្តថា សព្វថ្ងៃកម្ពុជាមិនទាន់មានច្បាប់ ឬក៏ឯកសារគតិយុទ្ធផ្សេងៗ សម្រាប់គាំពារអ្នកធ្វើការងារ តាមផ្ទះនៅឡើយទេ ទោះបីមានច្បាប់ការងារ គ្រប់ដណ្តប់ទៅលើអ្នកធ្វើការតាមផ្ទះ ឬ ច្បាប់ស្តីពី របបសន្តិសុខសង្គម និងសេចក្តីប្រកាស របស់ក្រសួងការងារក៏ដោយ ប៉ុន្តែរាល់ការអនុវត្ត មិនទាន់មានប្រសិទ្ធភាព ដើម្បីធានាដល់ការរស់នៅ និងលក្ខខណ្ឌការងារសមរម្យ សម្រាប់ពួកគាត់ទេ ។ ទើបក្នុងឱកាសនេះ លោក វន់ ពៅបានស្នើប្រមុខ រាជរដ្ឋាភិបាលកម្ពុជាបង្កើតច្បាប់ផ្សេងៗ ដើម្បីការពារសិទ្ធិដល់អ្នកបម្រើការងារ នៅតាមផ្ទះ ។

លោកថា ត្រូវផ្តល់សច្ចាប័ន ផ្តល់អនុសញ្ញាលេខ១៨៣ ក្នុងការគាំពារមាតុភាព និងអនុសញ្ញា១៨៩របស់អង្គការពលកម្មអន្តរជាតិ(ILO) ដើម្បីធានាដល់ភាពសមរម្យ សម្រាប់អ្នកធ្វើការងារតាមផ្ទះ ទាំងក្នុងនិងក្រៅប្រទេស ក្នុងនោះផ្តល់អនុសញ្ញាលេខ១៩០ ស្តីពីការបញ្ឈប់ការបៀតបៀន ក្នុងពិភពការងារ។ និយាយរួម ត្រូវផ្តល់កិច្ចការពារឲ្យដូចកម្មករដទៃទៀតផងដែរ ។

សូមបញ្ជាក់ថា យោងរបាយការណ៍ អង្គការ ILO កាលពីឆ្នាំ២០១៨ កម្ពុជាមានកម្មករបម្រើការងារ នៅផ្ទះចំនួន២៤ម៉ឺននាក់ និង១លាននាក់ ទៅទូទាំងពិភពលោក ៕

To Top