ភ្នំពេញ ៖ គម្រោងសាងសង់ស្ថានីយបូមទឹកមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាប់ដងទន្លេសាប ដែលមានសមត្ថភាពបូមរំដោះទឹកភ្លៀងចេញពីតំបន់ផ្នែកខាងជើងវត្តភ្នំ និងខាងកើត មហាវិថីព្រះមុនីវង្ស រហូតដល់ស្ពានជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាជំនួយឥតសំណងរបស់ជប៉ុន គិតមកដល់ពេលនេះ ស្ថាបនាបាន៩៥ភាគរយ ខណៈគ្រោងបញ្ចប់នៅខែសីហា ឆ្នាំ២០២១ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ២១ មិថុនា បានឲ្យដឹងថា គម្រោងសាងសង់ស្ថានីយបូមទឹកមុខ CDC ដែលជាជំនួយឥតសំណង របស់ប្រទេសជប៉ុន (ទីភ្នាក់ងារអភិវឌ្ឍន៌អន្តរជាតិជប៉នហៅ ចៃកា ) ក្រុមការងារបានអនុវត្តការងារ ជិតរួចរាល់ហើយ ពោលគឺមិនដល់២ខែទៀតទេ ស្ថានីយ៍បូមទឹកមួយនេះ នឹងរួចរាល់ជាស្ថាពរ ដោយគិតត្រឹមថ្ងៃ១៨ មិថុនា ការងារខួងដាក់បំពង់លូ កាត់យកទឹកកខ្វក់ ដល់ផ្លូវលេខ៧០ មានទំហំមុខកាត់ ៨០០មីលីម៉ែត្រ ប្រវែង១៥៤០ម៉ែត្រ សាងសង់រួច ១០០ភាគរយហើយ ។

គួរឲ្យដឹងថា ការងារសាងសង់ អាងស្តុកក្រោមដីមុខ CDC មានចំណុះ ៦៥០០ម៉ែត្រគូប ចំណែកការងារ សាងសង់ស្ថានីយ៍បូមទឹក មានសមត្ថភាព ១,៤ ម៉ែត្រគូប ក្នុង១វិនាទី។

ស្ថានីយ៍បូមទឹកមុខ CDC បានចាប់ដំណើរការសាងសង់ ពីខែមិថុនា ឆ្នាំ២០១៩ គិតមកដល់ពាក់កណ្តាល ឆ្នាំ២០២១នេះ សម្រេចបាន៩៥ភាគរយហើយ ដែលគ្រោងបញ្ចប់ នៅខែសីហា ឆ្នាំ២០២១ ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញគូសបញ្ជាក់ថា ស្ថានីយ៍នេះ អាចបូមរំដោះទឹកភ្លៀង ចេញពីតំបន់ផ្នែកខាងជើងវត្តភ្នំ និងកើតមហាវិថីព្រះមុនីវង្ស រហូតដល់ស្ពានជ្រោយចង្វា។ ស្ថិត ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ជំហានទី៤ របស់ទីភ្នាក់ងារអភិវឌ្ឍន៌អន្តរជាតិ ជប៉ុនហៅ ចៃការ (JICA) ប្រទេសជប៉ុនផងដែរ ។

សូមរំលឹកថា គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ របស់ចៃកានេះ មានទឹកប្រាក់ សរុបប្រមាណ ៣៦លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន ដែលគម្រោងនេះ រួមមានការសាងសង់ អាងស្តុកទឹកក្រោមដី ស្ថានីយ៍បូមទឹករបារ ត្រង់សំរាមមេកានិចប្រវត្តិរថយន្តបំពាក់ម៉ាស៊ីនបូមទឹក៕

