ភ្នំពេញ ៖ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានស្នើឲ្យប្រជាពលរដ្ឋ ទាំងអស់ បើពុំមានការចាំបាច់ កុំធ្វើដំណើរចេញ-ចូល ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន ក្រោយផ្ទុះជំងឺកូវីដ-១៩ ខ្លាំង ។ យោងតាមចេញផ្សាយ ទទក ។
ការលើក របស់អភិបាលខេត្តរតនគិរី ក្រោយពីខេត្តស្ថិតនៅក្នុងស្ថានភាព កំពុងផ្ទុះរលកចម្លងមេរោគកូវីដ-១៩ ទ្រង់ទ្រាយធំ ដែលបានរកឃើញ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១កន្លងមក ។ គិត មកដល់ពេលនេះ រកឃើញអ្នកវិជ្ជមានជាង ១០០នាក់ ដែលសុទ្ធសឹង តែជាប្រជាពលរដ្ឋរស់នៅ តំបន់ទីប្រជុំជន ក្នុងខេត្ត ។
លោក ថង សាវុន បានបញ្ជាក់នៅថ្ងៃ២១ មិថុនា ថា ស្ថានភាពនេះអាចវាយតម្លៃបានថា អត្រាចម្លង បន្តស្ថិតក្នុងកម្រិតហានិភ័យខ្ពស់ ដោយសារទំនាក់ទំនង របស់ប្រជាពលរដ្ឋ ដែលវិជ្ជមានកន្លងមក មានភាពប្រទាក់ក្រឡាគ្នាច្រើន ។ បច្ចុប្បន្នអាជ្ញាធរ មានសមត្ថកិច្ច និងមន្ត្រីជំនាញ កំពុង បន្តតែស្រាវជ្រាវ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធ ធ្វើតេស្តសំណាក និងបិទតំបន់ទីតាំង ប្រឈមមួយចំនួន ដើម្បីអាចគ្រប់គ្រង បាននូវសភាពការណ៍នេះ។
លោកថា «ក្នុងន័យនេះ ខ្ញុំសូមយោគយល់ពីបងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងក្នុងខេត្ត និងក្រៅខេត្ត បើពុំមាន ការចាំបាច់ សូមកុំមានការ ធ្វើដំណើរចេញ-ចូល ក្នុងភូមិសាស្ត្រខេត្ត ស្របពេល ដែលអាជ្ញាធរមានសមត្ថកិច្ច កំពុងរឹតបន្តឹង និងធ្វើការស្រាវជ្រាវ អ្នកពាក់ព័ន្ធ កាត់ផ្តាច់រលកចម្លងបន្ត និងឈានទៅបិទបញ្ចប់ករណីសហគមន៍នេះ» ។
អភិបាលខេត្ត ក៏បានណែនាំពលរដ្ឋ បន្តការដាក់ខ្លួនដាច់ដោយឡែក ពីក្រុមគ្រួសារ តាមដានសុខភាពខ្លួនឯងជាប្រចាំ ជាពិសេស គឺការអនុវត្តវិធានការ ៣កុំ ៣ការពារ ។ ចំពោះមធ្យោបាយ ដឹកជញ្ជូនទំនិញគ្រប់ប្រភេទ នៅតែបន្តសកម្មភាពជាប្រក្រតី ព្រមទាំងអនុវត្តតាមវិធាន សុខាភិបាលជាប់ជានិច្ច ៕