ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានថ្លែងថា គ.ជ.ប នៅតែស្ថិតជាចំណុចកណ្តាលសម្រាប់គ្រប់គណបក្សនយោបាយ គ្មានលំអៀងទេ ហើយអ្នកណាចង់និយាយអ្វីមិនល្អពីគ.ជ.បគឺពួកគេមិនដឹងច្បាស់លាស់ពីស្ថាប័នជាតិមួយនេះ ។
ការថ្លែងរបស់អ្នកនាំពាក្យនេះ ក្រោយបណ្តាគណបក្សមួយចំនួន និងអ្នកវិភាគបានរិះគន់លើគ.ជ.បថា ស្ថាប័ននេះ នឹងលែងមានទុកចិត្ត បន្ទាប់ពីរំលាយអតីតគណបក្សសង្រ្គោះជាតិ ជាពិសេសក្រោយលោក ស៊ិក ប៊ុនហុក បានដាក់ពាក្យលាឈប់ពីប្រធានគ.ជ.ប ហើយសមាសភាពថ្មីដែលចូលកាន់តំណែងនេះ មានប្រភពចេញមកពីគណបក្សប្រជាជនកម្ពុជា គឺលោក ប្រាជ្ញ ច័ន្ទ អតីតអភិបាលខេត្តបាត់ដំបង។ គណបក្សផ្សេងទៀតក្រៅពីបក្សប្រជាជនអះអាងថា នឹងចូលរួមកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យមានតម្លាភាពត្រឹមត្រូវឡើងវិញ ។
លោក ហង្ស ពុទ្ធា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២១ មិថុនា ថា គ.ជ.ប ជាស្ថាប័នមួយដែលបានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងជាស្ថាប័នអនុវត្តទៅតាមច្បាប់ ។
លោកបន្តថា “អីចឹងគោលជំហររបស់គ.ជ.បគឺអនុវត្តច្បាប់ ។ គ.ជ.បស្ថិតនៅជាឯករាជ្យ និងស្ថិតនៅជាកណ្តាលរវាងគណបក្សនយោបាយទាំងអស់។ អីចឹងការវាយតម្លៃបែបណា តាមបែបបុរេវិនិច្ឆ័យ និងគិតជាមុននោះ មិនមែនជាភាពត្រឹមត្រូវទេ” ។
សូមបញ្ជាក់ថា កាលពីថ្ងៃ៤ មិថុនា កន្លងមកនេះ លោក ស៊ិក ប៊ុនហុកប្រធានគ.ជ.បបានដាក់ពាក្យលាឈប់ពីប្រធានដោយសារមានជំងឺ ។ ក្រោយដាក់ពាក្យលាឈប់ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាក៏ប្រកាសជ្រើសរើសបេក្ខជនឈរឈ្មោះជាបេក្ខភាព ប្រធាន គ.ជ.ប ជំនួស ។
ជាលទ្ធផលកាលពី១៥ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចបញ្ជូនបេក្ខជន២រូបដែលដាក់ពាក្យធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅឲ្យគណបក្សប្រជាជនកម្ពុជាដើម្បីជ្រើសរើសយក១រូប ដើម្បីដាក់ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភានៅពេលខាងមុខសម្រាប់បោះឆ្នោតផ្តល់សេចក្តីទុកចិត្តធ្វើជាប្រធានគ.ជ.ប ។ បេក្ខជនមួយរូបនោះគឺលោក ប្រាជ្ញ ច័ន្ទ។
ចំពោះការជ្រើសរើសលោក ប្រាជ្ញ ច័ន្ទ ត្រូវបានលោក គឹម សុខ អ្នកវិភាគនយោបាយលើកឡើងក្នុងហ្វេសប៊ុកនាពេលថ្មីៗនេះថា “លោក ប្រាជ្ញ ចន្ទ ជាបុគ្គលមានប្រវត្តិអាស្រូវ ក្នុងប្រព័ន្ធដឹកនាំកន្លងមក ដូចជា កាលនៅជាអភិបាលខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ និងកាលនៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃជាដើម។ ប៉ុន្តែគណបក្សប្រជាជនរៀបចំលើកគាត់ឲ្យធ្វើប្រធាន គ.ជ.ប ព្រោះគាត់ជាមនុស្សស្ថិតនៅចំចំណុចកណ្ដាលនៃភាគីជម្លោះទាំងអស់ ក្នុងផ្ទៃក្នុងនៃគណបក្សប្រជាជន” ។
លោកថា លោក ប្រាជ្ញ ចន្ទ ត្រូវគណបក្សប្រជាជនរៀបបម្រុងទុកឲ្យជំនួសលោក ស៊ិក ប៊ុនហុក ក្នុងផែនការរៀបក្បួនថ្មី ដើម្បីគ្រប់គ្រង គ.ជ.ប តាំងពីក្រោយការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ម្ល៉េះ។
លោក គឹម សុខ ផ្តល់ជាដំណោះស្រាយសម្រាប់សមាសភាពគ.ជ.បថា គឺប្រធាន អគ្គលេខាធិការ និងអគ្គលេខាធិការរង ត្រូវតែងតាំងដោយព្រះមហាក្សត្រ។ អនុប្រធាន ត្រូវជ្រើសតាំងដោយព្រឹទ្ធសភា។ សមាជិក១រូប ត្រូវជ្រើសតាំងដោយរដ្ឋសភា ។ សមាជិក១រូប ត្រូវជ្រើសតាំងដោយរាជរដ្ឋាភិបាល។ គណបក្សនយោបាយនីមួយៗ ដែលមានសំឡេងក្នុងរដ្ឋសភា ត្រូវជ្រើសតាំងសមាជិក១រូប ជាតំណាងគណបក្ស១៕