ព័ត៌មានជាតិ

កម្ពុជា អនុញ្ញាតឲ្យនាំចូលសាច់ និងមុខទំនិញបង្កក ពីឥណ្ឌាឡើងវិញ ក្រោយផ្អាកមួយរយៈ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កក ពីប្រទេសឥណ្ឌាឡើងវិញ ក្រោយពីផ្អាកមួយរយៈ ដោយសារឥណ្ឌាផ្ទុះជំងឺកូវីដ-១៩ ខ្លាំង។

កាលពីថ្ងៃទី១ ឧសភា កម្ពុជាសម្រេចផ្អាកជាបណ្តោះអាសន្ន ការនាំចូលចំពោះសាច់បង្កក និងមុខទំនិញបង្កកដែលអាចមានហានិភ័យផ្សេងទៀត មានប្រភពមកពីឥណ្ឌា បន្ទាប់ពីស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរនៅឥណ្ឌា។

យោងតាមលិខិតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាពេលថ្មីៗនេះ ចុះហត្ថលេខាដោយលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា «យោងតាមស្ថានភាពធូរស្រាលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅប្រទេសឥណ្ឌា និងលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តលើសាច់បង្កក នាពេលកន្លងមក រាជរដ្ឋាភិបាលបានសម្រេចលើកលែង បម្រាមលើការនាំចូលសាច់បង្កក និងមុខទំនិញបង្កក ដែលអាចមានហានិភ័យផ្សេងទៀត មានប្រភពមកពីប្រទេសឥណ្ឌា ដោយដាក់មកជំនួសវិញនូវ វិធានការបណ្តោះអាសន្ន»។

លោកបន្ដថា វិធានការបណ្តោះអាសន្ន រួមមាន ៖ តម្រូវឲ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់បន្ថែមចេញដោយអាជ្ញាធរ មានសមត្ថកិច្ចនៃប្រទេសដើមកំណើតទំនិញ ដែលបញ្ជាក់ថា គ្មានវីរុសកូវីដ-១៩ លើសាច់បង្កក និងនៅពេលទំនិញមកដល់តម្រូវឲ្យយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មុនអនុញ្ញាតឲ្យបំពេញបែបបទបញ្ចេញទំនិញពីគយ។

លោកបន្ថែមថា យោងតាមពេលវេលា និងការវិវត្តជាក់ស្តែង ការអនុវត្តលក្ខខណ្ឌទាំង២ ខាងលើនេះ អាចនឹងត្រូវបន្ធូរបន្ថយ ឬដកចេញទាំងស្រុង ផ្អែកលើស្ថានភាពធូរស្រាលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅប្រទេសនាំចេញ និងលទ្ធផលនៃការធ្វើតេស្តលើសាច់បង្កកដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បើរកឃើញថា អវិជ្ជមានជាបន្តបន្ទាប់៕

To Top