ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើចិនផ្តល់សាស្ត្រាចា រ្យ និងអ្នកបច្ចេកទេស មកជួយបង្ហាត់បង្រៀនវិស្វករកម្ពុជាឲ្យចេះកសាង ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនទៀត។
ក្នុងជំនួបពិភាក្សាការងារទ្វេភាគី តាមប្រព័ន្ធវីដេអូពីចម្ងាយជាមួយលោក Li Xiaopeng រដ្ឋមន្ត្រីដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានលើកឡើថា គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ប្រវែង ១៩០គីឡូម៉ែត្រ សម្រេចបាន ៥៥,០៥% គិតត្រឹមថ្ងៃ ទី១១ ខែមិថុនា ឆ្នាំ២០២១ និងគ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ មុនការគ្រោងទុករយៈពេល៦ខែ។
លោក បានថ្លែងថា «ស្នើសុំការគាំទ្រ និងជំនួយលើវិស័យក៏ដូចជាមុខជំនាញជាច្រើនពីខាងមិត្តចិន ជាពិសេសផ្តល់សាស្ត្រាចារ្យ និងអ្នកបច្ចេកទេសតាមរយៈអនុស្សារណៈកិច្ចសហប្រតិបត្តិការចិនកម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនវិស្វករកម្ពុជាឱ្យចេះកសាងផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដូចជា កំពង់ផែ ផ្លូវរថភ្លើង និងផ្លូវក្រោមដីជាដើម»។
ឆ្លៀតឱកាសនោះ លោករដ្ឋមន្ដ្រីសាធារណការ ក៏បានលើកឡើងអំពីការត្រៀមរៀបចំកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន (ATM) ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ហើយ លោករដ្ឋមន្ដ្រី ចង់ឃើញការរៀបចំកិច្ចប្រជុំនេះ ដោយផ្ទាល់នៅខេត្តសៀមរាប ហើយគណៈប្រតិភូដែលត្រូវចូល រួមទាំងអស់ តម្រូវឲ្យទទួលការចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ-១៩។
តបតាមការអញ្ជើញពីមិត្តចិន លោករដ្ឋមន្ដ្រី ក៏បានយល់ព្រមចូលរួមសន្និសីទ ស្តីពីការដឹកជញ្ជូន ប្រកបដោយចីរភាពសាកល នៃអង្គការសហប្រជាជាតិលើកទីពីរ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី១៤-១៦ ខែតុលា ឆ្នាំ២០២១ ហើយលោករដ្ឋមន្ត្រី ក៏បានអញ្ជើញលោក Li Xiaopeng ឲ្យចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន(ATM) ដើម្បីយកឱកាសនេះមក ទស្សនកិច្ចគម្រោងសាងសង់ផ្លូវល្បឿនលឿនកម្ពុជា ជាការឆ្លើយតបភាគីចិន បានយល់ព្រមតាមការអញ្ជើញនេះ៕




