ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យទាំង៣រូប ទទួលស្គាល់ថា ខ្លួនពិតជាធ្វើសកម្មភាព ក្រោមផ្លាកអង្គការមាតាធម្មជាតិ ប៉ុន្ដែការពិត គឺចង់ឲ្យមានការងើបបះបោរ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ។
ការលើកឡើងរបស់ អ្នកនាំពាក្យ ក្រោយពីមាន មជ្ឈដ្ឋានជាតិ-អន្តរជាតិមួយចំនួន មានការចាប់ អារម្មណ៍ទៅ លើអ្វីដែលជាការណ៍ នាំទៅដល់ការចាប់ខ្លួន យុវជន៣រូប ដែលជាបណ្ដាញសកម្មជន ខុសច្បាប់នៃចលនា មាតាធម្មជាតិ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កាលពីថ្ងៃទី១៤ ឧសភា មានកិច្ចប្រជុំជាមួយសកម្មជន របស់ខ្លួន៣រូប ដោយក្នុងកិច្ច ប្រជុំពួកគេបានប្រើពាក្យពេចន៍ ប្រមាថយ៉ាងធ្ងន់ធ្ងរ មកលើអង្គព្រះមហាក្សត្រ និងប្រមុខរាជរដ្ឋាភិបាល។ ទង្វើទាំងនេះ គឺជាផែនការញុះញង់បញ្ចើឱ្យមានការ បែកបាក់ជាតិ និងរំលោភបំពានទៅលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងចេតនាបង្កអសន្តិសុខសង្គម និងប៉ះពាល់ ដល់ស្ថិរភាព ជាតិ ដែលអាជ្ញាធរមានសមត្ថកិច្ច ចាំបាច់ត្រូវចាត់វិធានការ តាមច្បាប់ជាធរមាន ។
អ្នកនាំពាក្យ បន្ដថា ផ្អែកតាមភស្តុតាងឃ្លីបវីដេអូ ដែលសមត្ថកិច្ច ចាប់បានបង្ហាញយ៉ាងច្បាស់ថា ការធ្វើសកម្មភាពកន្លង មករបស់ក្រុមបណ្តាញខុសច្បាប់ ជ្រកក្រោមផ្លាក នៃអង្គការធម្ម គឺមិនមែនក្នុងបុព្វហេតុស្មោះត្រង់ ចំពោះការពារធនធានធម្មជាតិ និងបរិស្ថាននោះទេ ។ ផ្ទុយទៅវិញ ការធ្វើសកម្មភាព ទាំងនោះ គឺបង្កប់ទៅដោយឧបាយកល ទុច្ចរឹតក្នុងបំណងញុះញង់ អុជអាល កៀរគរកម្លាំង ឱ្យងើបបះបោរបង្កើតឱ្យមានភាពចលាចលវឹកវរក្នុងប្រទេស ។
អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ទៀតថា «ចម្លើយសារភាពរបស់ជនសង្ស័យ ទាំង៣រូប ក៏បានទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើសកម្មភាព ក្រោមផ្លាកអង្គការមាតាធម្មជាតិ ប៉ុន្តែការពិតគឺចង់ ឱ្យមានការងើបបះបោរ ប្រឆាំងហើយ ឈានទៅ ផ្ដលរលំរាជរដ្ឋាភិបាល តាមវិធានការផ្ទុយ និងគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានចែងនៅក្នុង រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»។
សូមរំលឹកថា សកម្មជនចលនាមាតាធម្មជាតិ ៣នាក់ គឺ កញ្ញា ស៊ុន រដ្ឋា និង លោក យឹម លាងហ៉ី ត្រូវបានចោទប្រកាន់ពី ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់។ ដោយឡែក លោក លី ចាន់ដារ៉ាវុត ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់។ ពួកត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ៕