Covid-19

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ គ្មានជម្រើសអ្វីក្រៅពីអនុវត្តច្បាប់ ចំពោះសកម្មជន៣រូប បន្ទាប់ពីអាជ្ញាធរ មានភស្តុតាងជាក់លាក់

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា គ្មានជម្រើសអ្វីក្រៅតែពី ការអនុវត្តច្បាប់ ចំពោះសកម្មជនបរិស្ថាន៣រូប បន្ទាប់ពីអាជ្ញាធរ មានភស្តុតាងជាក់លាក់ ទៅលើសកម្មភាពផ្ទុយទៅនឹង ច្បាប់របស់ពួកគេ។

ការលើករបស់ សម្ដេច ស ខេង ក្រោយពីលោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងបញ្ចប់អាណត្តិ ប្រចាំកម្ពុជា ស្នើសុំព័ត៌មាន និងការយល់ឃើញបន្ថែមពី សម្ដេច ពាក់ព័ន្ធការចាប់ខ្លួន សកម្មជនបរិស្ថាន ៣រូប នាពេលថ្មីៗនេះ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Eva Nguyen Binh នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ សម្ដេច ស ខេង មានប្រសាសន៍ថា «អាជ្ញាធរមានសមត្ថកិច្ចមានភស្តុតាងជាក់លាក់ច្បាស់លាស់ ទៅលើសកម្មភាពដែលពួកគេ បានប្រព្រឹត្តកន្លងមក ដូច្នេះក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ គ្មានជម្រើសអ្វីក្រៅតែពីការអនុវត្តច្បាប់ ទៅលើសកម្មភាព ដែលច្បាប់ហាមឃាត់ និងច្បាប់ផ្ដន្ទាទោសនោះទេ»។

ជាការឆ្លើយ លោកស្រី Eva Nguyen Binh ថ្លែងអំណរគុណចំពោះ សម្ដេច ស ខេង ដែលបានផ្ដល់ព័ត៌មាន ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា តាមចម្លើយសារភាពរបស់ ជនសង្ស័យទាំង៣រូប បានទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើសកម្មភាព ក្រោមផ្លាកអង្គការមាតាធម្មជាតិ ប៉ុន្តែការពិត គឺចង់ឱ្យមានការងើបបះបោរ ប្រឆាំងហើយ ឈានទៅ ផ្ដលរលំរាជរដ្ឋាភិបាល តាមវិធានការផ្ទុយ និងគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានចែងនៅក្នុង រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

សូមរំលឹកថា សកម្មជនចលនាមាតាធម្មជាតិ ៣នាក់ គឺ កញ្ញា ស៊ុន រដ្ឋា និង លោក យឹម លាងហ៉ី ត្រូវបានចោទប្រកាន់ពី ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់។ ដោយឡែក លោក លី ចាន់ដារ៉ាវុត ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់។ ពួកត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១៕

To Top