បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអូម៉ង់ បាននិយាយប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលថា លោកសង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់ប្រទេសអ៊ីស្រាអែល នឹងចាត់វិធានការច្បាស់លាស់ ចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ដោយយកទីក្រុងយេរូសាឡឹមខាងកើត ជារដ្ឋធានីរបស់វា។
យោងតាមទីភ្នាក់ងារសារព័ត៌មាន ONA របស់ប្រទេសអូម៉ង់ ដែលមានគោលនយោបាយអព្យាក្រឹតជាយូរមកហើយក្នុងតំបន់មានភាពច្របូកច្របល់ និងជាញឹកញាប់បានដើរតួនាទីជាអ្នកសម្របសម្រួលនោះ បានឲ្យេដឹងថា លោក Badr al-Busaidi បាននិយាយតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yair Lapid។
គួរបញ្ជាក់ថា នៅក្នុងខែកុម្ភៈ លោក Badr al-Busaidi បានមានប្រសាសន៍ថា ប្រទេសអូម៉ង់មានការពេញចិត្តចំពោះចំណងមិត្តភាពបច្ចុប្បន្នរបស់ខ្លួនជាមួយប្រទេសអ៊ីស្រាអែល បន្ទាប់ពីរដ្ឋនៅតំបន់ឈូងសមុទ្រនានា មានសហភាពអារ៉ាប់រួមនិងបារ៉ែនជាដើម បានបង្កើតចំណងមិត្តភាពប្រក្រតីជាមួយអ៊ីស្រាអែល កាលពីឆ្នាំមិញនេះ ក្រោមកិច្ចព្រមព្រៀងសម្របសម្រួលដោយអាមេរិក។
តាមសេចក្តីរាយការណ៍ លោក Yair Lapid នឹងធ្វើដំណើរទៅសហភាពអារ៉ាប់រួមនៅសប្ដាហ៍ក្រោយ ក្នុងដំណើរទស្សនកិច្ចផ្លូវការដំបូងធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលទៅកាន់រដ្ឋនៅឈូងសមុទ្រនោះ ចាប់តាំងពីប្រទេសទាំងពីរ បានបង្កើតចំណងមិត្តភាពការទូត ហើយលោកនឹងសម្ភោធបើកស្ថានទូតអ៊ីស្រាអែល នៅក្នុងទីក្រុងអាប៊ូដាប៊ី និងអគ្គកុងស៊ុលអ៊ីស្រាអែល នៅក្នុងទីក្រុងឌូបៃ៕
ប្រែសម្រួល៖ប៉ាង កុង