ភ្នំពេញ ៖ ក្រោយបានក្លាយជាប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី លោក ប្រាជ្ញ ចន្ទ បានប្តេជ្ញាចិត្តធ្វើឲ្យ គ.ជ.ប មានតម្លាភាព ទៅតាមច្បាប់បានកំណត់ ។ អ្នកវិភាគ និងបក្សនយោបាយផ្សេងទៀត បានធ្វើការរិះគន់លោកផងដែរ ។
លោក ប្រាជ្ញ ចន្ទ ត្រូវបានរដ្ឋសភាកម្ពុជា បើកកិច្ចប្រជុំពេញអង្គ លើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃ២៤ មិថុនា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ធ្វើជាប្រធានថ្មី នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ជាស្ថាពរដោយសំឡេង ឯកច្ឆ័ន៨២សំឡេង ។
លោក ប្រាជ្ញ ចន្ទ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២៥ មិថុនា ថា “គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតធ្វើការងារ ទៅតាមច្បាប់ ស្តីពីការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត និងលិខិតបទដ្ឋានគតិយុត្តនានា ជាធរមានដែលយើងត្រូវចាត់ចែង ឲ្យមានប្រសិទ្ធភាព តាមលិខិតបទដ្ឋានទាំងនោះ ឲ្យតម្លាភាព អព្យាក្រឹត្យ ប៉ុន្តែមិនអាចគេចចេញផុត ពីច្បាប់បានទេ” ។
ក្នុងពេលចាប់ផ្តើមដំណើរ ការជ្រើសរើសលោក ប្រាជ្ញ ចន្ទ ធ្វើជាប្រធានគ.ជ.បថ្មីជំនួសលោក ស៊ិក ប៊ុនហុកដាក់ពាក្យលាឈប់ដោយសារបញ្ហាសុខភាព លោកត្រូវបានអ្នកវិភាគ និងអ្នកនយោបាយបក្សប្រឆាំង មួយចំនួន ធ្វើការរិះគន់ ។ ការរិះគន់នោះសំដៅដល់ថា គ.ជ.ប នឹងលែងមានទុកចិត្ត បន្ទាប់ពីរំលាយអតីតគណបក្ស សង្រ្គោះជាតិ ជាពិសេសក្រោយលោក ស៊ិក ប៊ុនហុក បានដាក់ពាក្យលាឈប់ ហើយសមាសភាពថ្មីចូលកាន់តំណែងនេះ មានប្រភពចេញ មកពីគណបក្សប្រជាជនកម្ពុជា គឺលោក ប្រាជ្ញ ច័ន្ទ ។
ចំពោះមតិរិះគន់នេះ លោកប្រាជ្ញ ច័ន្ទ តបទៅវិញថា អ្នកណារិះគន់ជារឿង របស់ពួកគេ លោកគ្មានសិទ្ធិអ្វីហាមឃាត់ទេ ព្រោះធម្មតាច្បាប់ បានចែងបែបនេះហើយ គឺត្រូវរើសចេញមកពីគណបក្ស ដែលគ្រប់គ្រងរាជរដ្ឋាភិបាល ដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានធ្វើតាមច្បាប់ ។
ក្រោយរដ្ឋសភាផ្តល់ សេចក្តីទុកចិត្តឲ្យលោក ប្រាជ្ញ ចន្ទ រួចហើយ នារាត្រីថ្ងៃដដែលព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បញ្ចប់មុខតំណែង លោក ស៊ិក ប៊ុនហុក និងតែងតាំង លោក ប្រាជ្ញ ចន្ទ ធ្វើជាប្រធាន គ.ជ.បថ្មីវិញ ។
កាលពីថ្ងៃ៤ មិថុនា លោក ស៊ិក ប៊ុនហុក បានដាក់ពាក្យ លាឈប់ ក្រោយមកគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា ប្រកាសជ្រើសរើស បេក្ខជនឈរឈ្មោះជាបេក្ខភាព ប្រធាន គ.ជ.ប ជំនួស ។ ជាលទ្ធផលកាលពីថ្ងៃ១៥ មិថុនា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបញ្ជូនបេក្ខជន២រូប ដាក់ពាក្យធ្វើជាប្រធាន គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ទៅឲ្យគណបក្ស ប្រជាជនកម្ពុជា ដើម្បីជ្រើសរើសយក១រូប ដើម្បីដាក់ក្នុងសម័យប្រជុំ ពេញអង្គរដ្ឋសភា សម្រាប់បោះឆ្នោតផ្តល់សេចក្តីទុកចិត្តធ្វើជាប្រធានគ.ជ.ប ។ បេក្ខជនមួយរូបនោះគឺលោក ប្រាជ្ញ ច័ន្ទ។
ចំពោះការជ្រើសរើសលោក ប្រាជ្ញ ច័ន្ទ ត្រូវបានលោក គឹម សុខ អ្នកវិភាគនយោបាយ លើកឡើងក្នុងហ្វេសប៊ុក នាពេលថ្មីៗថា “លោក ប្រាជ្ញ ចន្ទ ជាបុគ្គលមានប្រវត្តិអាស្រូវ ក្នុងប្រព័ន្ធដឹកនាំកន្លងមក ដូចជា កាលនៅជាអភិបាល ខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ និងកាលនៅជារដ្ឋលេខាធិការ ក្រសួងមហាផ្ទៃជាដើម ។ ប៉ុន្តែគណបក្សប្រជាជន រៀបចំ លើកគាត់ឲ្យធ្វើប្រធាន គ.ជ.ប ព្រោះគាត់ជាមនុស្សស្ថិត នៅចំចំណុចកណ្ដាល នៃភាគីជម្លោះទាំងអស់ ក្នុងផ្ទៃក្នុងនៃគណបក្សប្រជាជន” ។
លោកថា លោក ប្រាជ្ញ ចន្ទ ត្រូវគណបក្សប្រជាជន រៀបបម្រុងទុកឲ្យជំនួស លោក ស៊ិក ប៊ុនហុក ក្នុងផែនការរៀបក្បួនថ្មី ដើម្បីគ្រប់គ្រង គ.ជ.ប តាំងពីក្រោយការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ម្ល៉េះ។
សូមបញ្ជក់ថា បច្ចុប្បន្នលោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា មានស្រុកកំណើតនៅខេត្តកំពត ។ លោកប្រាជ្ញ ចន្ទ បានសិក្សាបញ្ចប់ការសិក្សា សញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ ។ លោកបានធ្វើការនៅក្រសួងមហាផ្ទៃ ជាប្រធាន នាយករដ្ឋានផ្សេងៗ និងជារដ្ឋលេខាធិការ ចាប់តាំងពីឆ្នាំ១៩៩១-២០០១ មុនពេលក្លាយជាអភិបាល ខេត្តបាត់ដំបង នៅឆ្នាំ២០០១-២០១៣ និងបន្តមកធ្វើជា អភិបាល ខេត្តត្បូងឃ្មុំ ពីឆ្នាំ២០១៤-២០១៧ ។ លោកប្រាជ្ញ ចន្ទ ចេះ៤ ភាសា រួមមាន ៖ ខ្មែរ បារាំង អង់គ្លេស និងវៀតណាម ៕