ព័ត៌មានជាតិ

លោក សយ សុភាព ប្រាប់អតីតមន្រ្តីអតីតបក្សប្រឆាំង នៅក្រៅប្រទេស ឈប់រិះគន់ វាយប្រហារដល់អ្នកបង្កើតបក្សថ្មី(Videos)

ភ្នំពេញ ៖ ក្រុមអតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិទាំងក្នុងនិងក្រៅប្រទេសកំពុងបើកការវាយប្រហាររិះគន់ចំពោះមន្រ្តីមួយចំនួនដែលបានសុំសិទ្ធិធ្វើនយោបាយរួចហើយ មកបង្កើតបក្សថ្មីដើម្បីចូលរួមការប្រកួតប្រជែងការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ និងថ្នាក់ជាតិនាពេលខាងមុខ ។ ករណីនេះ លោក សយ សុភាព ក្នុងនាមជាអ្នកតាមដានស្ថានការណ៍នយោបាយបានលើកឡើងថា សូមអ្នកនៅបរទេសទាំងឡាយគួរបញ្ឈប់សកម្មភាពរិះគន់ទៅ ។

លោក សយ សុភាព តាមបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ២៥ មិថុនា ដោយភ្ជាប់រូបភាពរបស់អតីតមន្រ្តីនៃអតីតបក្សសង្រ្គោះជាតិ បានឲ្យអ្នកគេចខ្លួនទៅក្រៅប្រទេសគួរសិក្សាប្រវត្តិសាស្ត្រ និងយល់ពីភូមិសាស្ត្រនយោបាយ បណ្តាសានយោបាយ។ លោកថា “កុំល្ងង់ខ្លៅដោយនិយាយមិនអៀនមាត់ថាខ្ញុំ ជាអ្នកនយោបាយរួចហើយឲ្យគេឯងហៅថា ឯកឧត្តម ឬ ជំទាវ ។ សូមអតីតអ្នកដែលត្រូវបានក្រុមនេះបោកបញ្ឆោតកន្លងមកយល់ ហើយជៀសឲ្យឆ្ងាយ។ បើគង់តែមិនផេះយកល្អពិចារណាគាំទ្ររដ្ឋបុរសសន្តិភាពសម្តេចតេជោ ហ៊ុន សែន តែម្តងទៅ”។

លោក សយ សុភាពបានឲ្យពួកគាត់ចូរសាកល្បងពិចារណាម្តងមើលថា បើគ្មាន «២៩ ធ្នូ ១៩៩៨»នៃ នយោបាយ ឈ្នះ ឈ្នះទេ ក៏មិនអាចមានសមិទ្ធផលដូចសព្វថ្ងៃទេ ហើយជារបស់ខ្មែរមួយរយភាគរយ ។

លោកបន្តថា “យើងនឹងបញ្ចប់ការខ្វែងគំនិតគ្នាខាងនយោបាយ ប្រសិនបើយើងទទួលស្គាល់ការពិតថា២៩ ធ្នូ ១៩៩៨ ជាថ្ងៃបញ្ចប់ការបែងចែកទឹកដី ហើយគោរពរដ្ឋធម្មនុញ្ញតែមួយ” ។

ការថ្លែងរបស់លោក សយ សុភាពនេះ ក្រោយពីសារព័ត៌មាន The Cambodia dally ចេញផ្សាយកាលពីថ្ងៃ២៤ មិថុនាថា “អតីតអគ្គលេខាធិការគណបក្សសង្គ្រោះជាតិក្រៅប្រទេស (CNRP-O) រិះគន់ថា អ្នកនយោបាយអាជីពរបស់បក្សប្រឆាំងមួយចំនួនបែរជានាំគ្នាទៅបង្កើតគណបក្សថ្មីផ្សេងពីគណបក្សសង្គ្រោះជាតិ ហើយមួយចំនួនទៀតកំពុងតែដើរកេណ្ឌពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសឲ្យបោះបង់ចោលគណបក្សសង្គ្រោះជាតិ ដើម្បីទៅចូលរួមជាមួយពួកគេ” ។

សូមបញ្ជាក់ថា ក្រោយពីការរំលាយគណបក្សសង្រ្គោះជាតិ នាចុងឆ្នាំ២០២១៦មក គិតមកដល់ពេលនេះ មន្រ្តីដែលចេញពីអតីតគណបក្សប្រឆាំងមួយនេះបានបង្កើតគណបក្សនយោបាយចំនួន៥ហើយ ។
បក្សទាំង៥នោះរួមមាន ៖ ១-គណបក្សឆន្ទៈខ្មែរ (មានលោក គង់ មូនីកា និងលោកគង់ គាំជាឪពុក-កូន)។ ២-គណបក្សខ្មែរអភរិក្ស (លោក រៀល ខេមរិន្ទ) ៣-គណបក្សខ្មែរស្រឡាញ់ជាតិ (លោកជីវ កត្តា) ៤-គណបក្សកំណែទម្រង់កម្ពុជា (លោក ប៉ុល ហំម និងអ៊ូ ច័ន្ទរ័ត្ន ) និង៥-គណបក្សបេះដូងជាតិ (ប្រភពអះអាងថាលោក ថាច់ សេដ្ឋា) ៕

To Top