ព័ត៌មានជាតិ

អភិបាលរាជធានី-ខេត្ត ត្រូវប្រុងប្រយ័ត្ន និងត្រៀមទុកជាមុន ដើម្បីឆ្លើយតបគ្រោះទឹកជំនន់ឆ្នាំ២០២១

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំ អភិបាលរាជធានី-ខេត្ត ត្រូវបង្កើនការប្រុង ប្រយ័ត្នខ្ពស់បំផុត ជាពិសេសនោះ ត្រៀមទុកជាមុន សម្រាប់ឆ្លើយតប គ្រោះទឹកជំនន់ នាឆ្នាំ២០២១នេះ។

យោងតាមសេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុរបស់ ក្រសួងធនធានទឹក និងឧតុនិយម និងការផ្តល់ព័ត៌មាន ពីគណៈកម្មការទន្លេមេគង្គ អំពីបរិមាណទឹកភ្លៀង នឹងធ្លាក់ច្រើននៅតាមតំបន់ ផ្ទៃរងទឹកភ្លៀង របស់ទន្លេមេគង្គ និងទន្លេសាប ដែលអាចបង្កឲ្យទឹកទន្លេហក់ឡើង។

តាមសេចក្ដីណែនាំរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយយោងលើកត្តាអាកាសធាតុ នៅដើមរដូវវស្សាឆ្នាំ២០២១នេះ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ សូមធ្វើការណែនាំដល់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវបង្កើន ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់បំផុត ត្រៀមរៀបចំទុកជាមុន ដោយប្រកាន់យកវិធានការនានា»។

លោកបន្ដថា ត្រូវពង្រឹងតួនាទីភារកិច្ចរបស់យន្តការគ្រប់គ្រងគ្រោះមហន្តរាយដែលមានចែងក្នុងអនុក្រឹត្យ របស់រាជរដ្ឋាភិបាល និងប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ធនធានសរុប ត្រៀមរៀបចំឲ្យបានសមស្រប ក្នុងបរិបទប្រយុទ្ធប្រឆាំងកូវីដ-១៩ សម្រាប់ការងារជម្លៀស ការជួយសង្គ្រោះ ការរៀបចំទីទួលសុវត្ថិភាព។ លោកថា ត្រូវអនុវត្តតាមវិធានការសុខាភិបាល និងតាមការណែនាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃកម្ពុជា អំពីវិធីការពារខ្លួន ៣ការពារ ៣កុំ។

លោកបន្ថែមថា ក្នុងករណីដែលមានមុខសញ្ញាគ្រោះថ្នាក់ គ្រោះមហន្តរាយកើតឡើង អាជ្ញាធរមានសមត្ថកិច្ច ដែលមានទីតាំងនៅតំបន់ កើតហេតុត្រូវធ្វើប្រតិបត្តិការ សង្គ្រោះបន្ទាន់ឆ្លើយតបគ្រោះមហន្តរាយ មុនក្រុម ប្រតិបត្តិការរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ រាជធានី- ខេត្ត ចុះជួយមកដល់ ។

គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានសង្ឃឹមថា អភិបាលរាជធានី-ខេត្ត នឹងអនុវត្តស្មារតីទទួលខុសត្រូវខ្ពស់ និង កិច្ចសហការយ៉ាងរឹងមាំពី គណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយគ្រប់ថ្នាក់ ដើម្បីធានាសុវត្ថិភាព សុខុមាលភាព ក្នុងការរស់នៅរបស់ប្រជាជន ៕

To Top