ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្ស ៦នាក់ ពាក់ព័ន្ធករណីទិញ-លក់ ប័ណ្ណចាក់វ៉ាក់សាំង

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត សមត្ថកិច្ចនគរបាល ក្រុងព្រះសីហនុ បានធ្វើការនាំខ្លួនមនុស្សចំនួន ៦នាក់ ដែលពាក់ព័ន្ធ នឹងសកម្មភាព ទិញលក់ប័ណ្ណចាក់វ៉ាក់សាំង និងទម្រង់ពាក្យ ស្នើសុំចុះឈ្មោះ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យកមកសួរនាំ និងចាត់ការតាមនីតិវិធី ។

សូមជម្រាបជូនថា វ៉ាក់សាំងដែលរាជរដ្ឋាភិបាល ផ្តល់មកដើម្បីចាក់ជូន ប្រជាពលរដ្ឋ កម្មករ កម្មការិនី និងជនបរទេស ដែលកំពុង បំពេញការងារ នៅខេត្តព្រះសីហនុ គឺដោយគ្មានការគិតថ្លៃ ។

ដោយឡែកចំពោះប័ណ្ណចាក់វ៉ាក់សាំង និង ទម្រង់ពាក្យស្នើ សុំចុះឈ្មោះចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ត្រូវបានអាជ្ញាធរ ចុះចែកជូនប្រជាពលរដ្ឋ ដល់លំនៅដ្ឋាន ដោយមិនគិតថ្លៃដូចគ្នា ។

ដូច្នេះសកម្មភាព នៃការលក់ដូរ ប័ណ្ណចាក់វ៉ាក់សាំង និងទម្រង់ពាក្យស្នើសុំចុះឈ្មោះ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមឱកាសនិយមទាំងនេះ គឺជាទង្វើខុសច្បាប់ ដែលត្រូវចាត់ការ តាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែងឡើយ ៕

To Top