ភ្នំពេញ ៖ ស្របពេលដែលវ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន១លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញ ពីក្រុមហ៊ុន ស៊ីណូវ៉ាក់របស់ចិន បានដឹកមកដល់កម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ស្ថានទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា នឹងបង្កើនកិច្ចខិតខំប្រឹង ប្រែងបន្ថែមទៀត ក្នុងការផ្តល់វ៉ាក់សាំង ជូនដល់ភាគីកម្ពុជា ក្នុងអត្ថន័យស្នូល នៃសហគមន៍វាសនារួម រវាងចិននិងកម្ពុជា ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ស្ថានទូតចិន បានសរសេរយ៉ាងដូច្នេះថា ចិនបានផ្តល់វ៉ាក់សាំងកូវីដ ដល់កម្ពុជាជាងដប់លានដូស ។ នាព្រឹកថ្ងៃទី២៨ ខែមិថុនា វ៉ាក់សាំងចិន សម្រាប់ប្រយុទ្ធប្រឆាំងលើជំងឺកូវីដចំនួន ១ លានដូសដែលជាការបញ្ជា ទិញរបស់ភាគីកម្ពុជា បានដឹកមកដល់រាជធានីភ្នំពេញ ។ វ៉ាក់សាំងកូវីដ ដែលភាគីចិនបានផ្តល់ជូនភាគីកម្ពុជា រហូតមកដល់ពេលនេះ មានចំនួនលើសពី ១០ លានដូស ។
ស្ថានទូតបន្តថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក ប្រជាជនចិន និងកម្ពុជាបានរួមសុខរួមទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមក បង្កើតបានជាគំរូ សម្រាប់កិច្ច សហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងលើ ជំងឺវីរុសមួយនេះ ។ រហូតមកដល់បច្ចុប្បន្ននេះ ចិនបានផ្តល់ជំនួយ ឥតសំណង ជាវ៉ាក់សាំងកូវីដដល់កម្ពុជាចំនួន ២.២ លានដូស ទន្ទឹមនឹងនេះភាគីចិន ក៏បានប្រគល់វ៉ាក់សាំងកូវីដចំនួន ៨.៥ លានដូសដែលជាការបញ្ជាទិញ ជូនដល់ភាគីកម្ពុជាផងដែរ ។ វ៉ាក់សាំងចិននឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតភាពស៊ាំក្នុងប្រទេសកម្ពុជាកាន់តែឆាប់រហ័ស។
ទូតចិនបញ្ចាក់បន្ថែមទៀតថា «នាពេលបន្តបន្ទាប់ ភាគីចិននឹងបង្កើនកិច្ច ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការផ្តល់វ៉ាក់សាំង ជូនដល់ភាគីកម្ពុជា យកសកម្មភាពជាក់ស្តែងបង្ហាញ ពីអត្ថន័យស្នូល នៃសហគមន៍វាសនា រួមរវាងចិននិងកម្ពុជា និងខិតខំអនុវត្ត តាមប្រសាសន៍ ដ៏សំខាន់របស់ ឯកឧត្តមប្រធានាធិបតីចិន Xi Jinping ដោយចាត់ទុកវ៉ាក់សាំងកូវីដ ជាផលិតផលសាធារណៈសម្រាប់សកលលោក»។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ មកដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង១១លាន ដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ។ វ៉ាក់សាំងកូវីដ-១៩ ដែលទទួលបាន ហើយកំពុងចាក់ជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ចិន។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសចំនួន ៣,៩៥៥,០៣៣នាក់ ។ ដោយឡែក សម្រាប់លទ្ធផលចាក់វ៉ាក់សាំង គោលដៅ១០លាននាក់ បានចំនួន៣៩.៥៥% ហើយ ៕