ព័ត៌មានជាតិ

ប.ស.ស. ចូលរួមសន្និសីទសកលស្តីពី ”ការធ្វើឱ្យប្រសើរឡើង នូវអភិបាលកិច្ច នៃប្រព័ន្ធគាំពារសង្គម ដើម្បីឆ្ពោះទៅ កិច្ចគាំពារសង្គមជាសកល”

ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គមកម្ពុជា នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំមន្រ្តីបច្ចេកទេស ជំនាញមួយចំនួន ចូលរួមសន្និសីទសកលស្តីពី “ការធ្វើអោយប្រសើរឡើង នូវអភិបាលកិច្ច នៃប្រព័ន្ធគាំពារសង្គម ដើម្បីឆ្ពោះទៅកិច្ច គាំពារសង្គមជាសកល” តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ដែលរៀបចំដោយ ILO-UNDESA-China ។

គួរឱ្យដឹងដែរថា ILO-UNDESA-China កន្លងមកបានគាំទ្រ នូវគម្រោងទំនើប ភាវូបនីយកម្ម របស់ ប.ស.ស. ដោយបានបញ្ចប់ ដំណាក់កាលទី១ នៃគម្រោង ដែលបានជួយសម្រួលដល់ ប.ស.ស. កម្ពុជា ទៅលើកិច្ចការមួយចំនួនរួមមាន ការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាល ការរក្សាបុគ្គលិកជំនាញ ប្រកបដោយសក្តានុពល ការធ្វើសមាហរណកម្មប្រព័ន្ធ ICT ដោយធ្វើការកែតម្រូវព័ត៌មាន គ្រប់គ្រងរបាយការណ៍ និងការត្រួតពិនិត្យតាមដាន ប្រតិបត្តិការជាដើម ហើយសម្រាប់ជាជំហានបន្ទាប់ ប.ស.ស. នឹងបន្តអនុវត្ត គម្រោងទំនើបភាវូបនីយកម្ម ដំណាក់កាលទី២ របស់ខ្លួន ដើម្បីអនុវត្តដំណើរការថ្មី តាមប្រព័ន្ធឌីជីថល ការអភិវឌ្ឍប្រព័ន្ធ ICT សមត្ថភាពធនធានមនុស្ស និងសមត្ថភាពផ្សេងទៀត ដែលបានកំណត់នៅក្នុងគំរូ ប្រតិបត្តិការជាគោលដៅ ដែលគម្រោងនេះ បានបង្កើតឡើងដំបូងក្នុងឆ្នាំ២០១៩ និងត្រូវបញ្ចប់ ក្នុងបំណាច់ឆ្នាំ២០២១ នេះ។

សន្និសីទជាសកល ខាងលើនេះដែរ បានផ្តោតទៅលើចំណុចសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
១.ការពង្រឹងប្រព័ន្ធគាំពារសង្គម ដើម្បីពង្រីកកិច្ចគាំពារសង្គមជាសកល
២.ការសិក្សាឈ្វេងយល់ពីទស្សនៈ និងបទពិសោធន៍ នៃការពង្រឹងអភិបាលកិច្ច នៃប្រព័ន្ធគាំពារសង្គម
៣.ការធ្វើបទបង្ហាញ អំពីករណីសិក្សាស្តីពី ទំនើបភារូបនីយកម្មនៃ ប.ស.ស.
៤. ការធ្វើបទបង្ហាញស្តីពី ការពង្រីកកិច្ចគាំពារសង្គម ដល់អ្នកបម្រើក្នុងផ្ទះ
៥. ការពិភាក្សាអំពីគំនិតផ្តួចផ្តើម នៅក្នុងការកសាងប្រព័ន្ធ សន្តិសុខសង្គមឱ្យ បានកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា សន្និសីទសកលនេះ មានការអញ្ជើញចូលរួមពី តំណាងក្រសួងធនធានមនុស្ស និងសន្តិសុខសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន តំណាងអង្គភាពសន្តិសុខសង្គម នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន តំណាង UNDESA និងជំនាញការ នៃក្រុមហ៊ុន Development Pathways ជំនាញការអង្គការអន្តរជាតិខាងការងារ (ILO) តំណាងសមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) តំណាងសង្គមស៊ីវិល អ្នកសិក្សាស្រាវជ្រាវ ដៃគូពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ប.ស.ស. មួយចំនួនផងដែរ៕

To Top