ភ្នំពេញ ៖ លោក អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្រៃ្តយ៍កម្ពុជា ប្រចាំទីក្រុងហ្សឺណែវ បានគូសបញ្ជាក់ថា អំពើប្រល័យពូជសាសន៍ គឺជាឧក្រិដ្ឋកម្មដ៏សាហាវព្រៃផ្សៃបំផុត នៅក្រោមច្បាប់អន្តរជាតិ។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក ស្ថានបេសកម្មអចិន្ដ្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ។
ក្នុងកិច្ចសន្ទនាអន្តរកម្មជាមួយ ទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ ស្តីពី ការទប់ស្កាត់អំពើប្រល័យពូជសាសន៍ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ តំណាងអចិន្ត្រៃយ៍កម្ពុជា បានថ្លែងថា «អំពើប្រល័យពូជសាសន៍ គឺជាឧក្រិដ្ឋកម្មដ៏សាហាវព្រៃផ្សៃបំផុតនៅក្រោមច្បាប់អន្តរជាតិ។ ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសកម្ពុជា ក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ត្រូវបានបង្ហាញឲ្យឃើញតាមរយៈ ការបង្កើតតុលាការកាត់ទោស ទិដ្ឋភាពអប់រំ និងទិដ្ឋភាពការពារ»៕