ភ្នំពេញ ៖ លោក ស៊ី ជីនភីង (Xi Jinping) អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងបន្តរួមចំណែកកាន់តែច្រើន និងកាន់តែធំធេងសម្រាប់វិបុលភាព ប្រទេសកម្ពុជា។ នេះយោងតាមគេហទំព័រហ្វេសប៊ុក ស្ថានទូតចិន ប្រចាំកម្ពុជា។
នាថ្ងៃទី២៨ ខែមិថុនា លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានផ្ញើសារលិខិតអបអរសាទរដល់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។
លោក Xi Jinping បានថ្លែងក្នុងសារលិខិតអបអរសាទរថា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាតាំងនាមឲ្យគណបក្សកុម្មុយនិស្តចិន ប្រជាជនចិន និងក្នុងនាម លោកផ្ទាល់ ចូលរួមសម្តែងអំណរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជានិងប្រជាជនកម្ពុជា។
លោកចង្អុលបង្ហាញថា «រយៈពេលយូរមកនេះ គណបក្សប្រជាជនកម្ពុជាបានរួបរួមដឹកនាំប្រជាជនកម្ពុជាចូលរួមកិច្ចកសាងនិងការអភិវឌ្ឍប្រទេសជាតិ បានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចជំរុញស្ថិរភាពនិងវិបុលភាពក្នុងតំបន់។ ភាគីចិនបន្តគាំទ្រជាមួយភាគីកម្ពុជាក្នុងការធ្វើដំណើរឆ្ពោះទៅកាន់មាគ៌ាអភិវឌ្ឍន៍ដែលសមស្របជាមួយនឹងស្ថានភាពប្រទេសជាតិរបស់ខ្លួន។ ជឿជាក់ថាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ គណបក្សប្រជាជនកម្ពុជានឹងបន្តរួមចំណែកកាន់តែច្រើននិងកាន់តែធំធេងសម្រាប់វិបុលភាពប្រទេសកម្ពុជានិងសុភមង្គលរបស់ប្រជាជន និងក្នុងកិច្ចការសន្តិភាពនិងការអភិវឌ្ឍនៅក្នុងតំបន់»។
លោកសង្កត់ធ្ងន់ថា ចិននិងកម្ពុជា គឺជាមិត្តដែកថែបនិងជាសហគមន៍វាសនារួម ទំនាក់ទំនងទ្វេភាគីបានរក្សាការអភិវឌ្ឍន៍ក្នុងកម្រិតខ្ពស់រយៈពេលវែង។ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក ចិននិងកម្ពុជារួមសុខទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមក បានយកសកម្មភាពជាក់ស្តែងមកបង្ហាញពីចំណងមិត្តភាពដែលមិនអាចបំបែកបាន និងបានបង្ហាញពីដំណើរវិវឌ្ឍន៍ឥតឈប់ឈរជាប្រវត្តិសាស្រ្ត។
លោកបន្ដថា គណបក្សកុម្មុយនិស្តចិនយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការចំណងមិត្តភាពជាមួយគណបក្សប្រជាជនកម្ពុជា។ លោក រីករាយបន្តសហការជាមួយ សម្តេចតេជោ បង្កើនការដឹកនាំនយោបាយចំពោះទំនាក់ទំនងរវាងគណបក្សទាំងពីរក៏ដូចជាប្រទេសទាំងពីរ លើកកម្ពស់ការប្រាស្រ័យទាក់ទងនៃបក្សនិងកិច្ចសហប្រតិបត្តិការទំនាក់ទំនងលើបណ្ដាវិស័យផ្សេងទៀតឱ្យកាន់តែស៊ីជម្រៅ ជំរុញការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជា ដើម្បីផ្តល់អត្ថប្រយោជន៍ជូនដល់ប្រទេសនិងប្រជាជនទាំងពីរ៕