ភ្នំពេញ ៖ អគ្គិភ័យបានឆាប់ឆេះផ្ទះលេខ៤៤និង៤៦ ផ្លូវលេខ២០០ ក្រុម២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានធ្វើឲ្យមនុស្សប្រុស៤នាក់ស្លាប់ និងរងរបួសម្នាក់ ព្រមទាំងឆេះរថយន្តនិងម៉ូតូទាំងអស់៩គ្រឿងផងដែរ ។ នេះបើតាមការចុះផ្សាយរបស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ។



អ្នកស្លាប់ទាំង៤នាក់នោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ចំណែកអ្នករបួសស្រាលមានឈ្មោះ ម៉ូច សីហា ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ មន្រ្តីកិច្ចសន្យាអគ្គិភ័យ ។


ផ្ទះដែលឆាប់ឆេះនោះធ្វើពីថ្មបេតុង ទំហំ៩ម៉ែត្រ គុណ៣០ម៉ែត្រ ចំនួន ៣ ជាន់ ។ ខូចខាតសំភារៈដូចជា ផ្ទះត្រូវខូចខាតទាំងស្រុង ឆេះរថយន្ត Ford Willdrak ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២BB-៨២៣៣ ចំនួន ១ គ្រឿង ឆេះរថយន្ត Luxus ៣៣០ ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ ២AL-១១៥៨ ចំនួន១ គ្រឿង និងឆេះម៉ូតូសរុបចំនួន ៧ គ្រឿង ដោយអគ្គិភ័យពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។


ក្នុងនោះ ប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ៣៨ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣៨គ្រឿង ស្មើនឹង ១៥២ ម៉ែត្រគូប និងរថយន្តជំនួយអន្តរាគមន៍ពន្លត់មានខាងក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ ឡានសើ្មនឹង ១២ ម៉ែត្រគូប៕


