នយោបាយ

លោក សយ សុភាព ៖ លោក សម រង្ស៊ី មិនដែលគោរព សម្តេចព្រះបរមរតនៈកោដ្ឋ ម្តងណាទេ

ភ្នំពេញ ៖ លោក សយ សុភាព បានថ្លែងនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ថា លោក សម រង្ស៊ីដែលជាអតីតប្រធាន គណបក្សប្រឆាំង នៅកម្ពុជា មិនដែលគោរព សម្តេចព្រះបរមរតនៈកោដ្ឋ ម្តងណាទេ ។

លោក សយ សុភាពលើកឡើងបែបនេះ ដោយមានសំអាងថា គណបក្សសម រង្ស៊ី ទទួលបាន១៥អាសនៈពីការបោះឆ្នោត នាខែកក្កដា ឆ្នាំ១៩៩៨។ ជាង២ឆ្នាំក្រោយមក ព្រះករុណា ជាអម្ចាស់ជីវិត តម្កល់លើត្បូង សម្តេចព្រះបាទ នរោត្តម សីហនុ ព្រះមហាក្សត្រនៃកម្ពុជា ព្រះប្រទាន គ្រឿងឥស្សរយសចំនួន១៥ដល់សមាជិកសភាបក្ស ប្រឆាំង ខណៈនោះ លោក សម រង្ស៊ី មិននៅក្នុងប្រទេសទេ តែកូនចៅទាំង១៤នាក់ បានទទួលពីព្រះមហាក្សត្រ ហើយប្រារព្ធពិធីបំពាក់នៅរដ្ឋសភា។

លោកថា ប៉ុន្តែក្រោយពីលោកសម រង្ស៊ី ត្រឡប់ពីក្រៅប្រទេស គាត់ខឹងស្តេចផែនដី ហើយយកគ្រឿងឥស្សរយសទាំងនោះ ថ្វាយព្រះមហាក្សត្រវិញ ។

លោក សយ សុភាព បានលើកឡើង ពីចំណុចលោក សម រង្ស៊ីមិនគោរពអតីតព្រះមហាក្សត្រទៀតថា វិបត្តិនយោបាយក្រោយការបោះឆ្នោត នាខែកក្កដា ឆ្នាំ២០០៣ នៅថ្ងៃ ៥-៦ វិច្ឆិកា ព្រះមហាក្សត្រ បានកោះប្រជុំក្នុងព្រះបរមរាជវាំង ដើម្បីបញ្ចប់វិបត្តិនយោបាយ ដោយព្រមព្រៀងបង្កើត រាជរដ្ឋាភិបាល៣ភាគី ។

ប៉ុន្តែ ស៊ីញ៉េ មិនទាន់ស្ងួតទឹកប៊ិចពីក្នុងវាំងផង ពេលចេញមកក្រៅ លោកសម រង្ស៊ី បំផ្លាញចោលភ្លាមៗ ដោយបដិសេធមិនទទួលស្គាល់លទ្ធផលចរចា។ នេះបើតាមលោកសយ សុភាពដែលលោកថា បានជួបសំភាសន៍ផ្ទាល់ជាមួយលោក សម រង្ស៊ីនាសម័យនោះ ។

លោក សយ សុភាពបន្តទៀតថា លោក សម រង្ស៊ីធ្វើជាគោរព និងដង្ហែសម្តេចព្រះបិតាជាតិ ព្រះបាទ នរោត្តម សីហនុ នៅពេលណាខ្លួនមានប្រយោជន៍ តែបើអត់ប្រយោជន៍ គាត់យកទមិឡ ដាក់ក្នុងខ្លួន ប្រមាថព្រះមហាក្សត្យតែម្តង ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top