ភ្នំពេញ ៖ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា ជឿជាក់ ថាចរាចរណ៍តាមដងផ្លូវជាតិលេខ៥ នឹងមានភាពប្រសើរឡើងយ៉ាងខ្លាំង បន្ទាប់ពីគម្រោងត្រូវបានបញ្ចប់។
តាមរយៈគេហទំព័រហ្វេសប៊ុក ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោក មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានចុះពិនិត្យការដ្ឋានសាងសង់ នៃកំណាត់ផ្លូវជាតិលេខ៥ ប៉ែកខាងត្បូង និងកណ្តាល ដែលស្ថិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង រួមជាមួយ មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង JICA ។
ស្ថានទូតជប៉ុន បានបញ្ជាក់ថា គម្រោងនេះ គឺជាជំនួយអភិវឌ្ឍផ្លូវការ(ODA) របស់ជប៉ុនក្រោមក្របខណ្ឌកម្ចីប្រាក់យេន។
ស្ថានទូតជប៉ុន បានបញ្ជាក់ទៀតថា «សូមថ្លែងអំណរគុណចំពោះការយោគយល់របស់ប្រជាពលរដ្ឋកម្ពុជាចំពោះរាល់បញ្ហានៃការដឹកជញ្ជូនក្នុងកំឡុងពេលសាងសង់។ យើងជឿជាក់ថាចរាចរណ៍នៅតាម ដងផ្លូវជាតិលេខ៥នឹងមានភាពប្រសើរឡើងយ៉ាងខ្លាំងបន្ទាប់ពី គម្រោងត្រូវបានបញ្ចប់»៕