ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរយៈពេល៦ខែ បរិមាណអង្ករនាំចេញ ចំនួន ២៨០ ៤៥០តោន មានការថយចុះ ចំនួន១១៧ ២១០តោន (-២៩,៤៧%) បើធៀបនឹង បរិមាណនាំចេញ រយៈពេល៦ខែ ឆ្នាំ២០២០ ចំនួន ៣៩៧ ៦៦០តោន។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា «អង្ករបាន នាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុប ចំនួន២០ប្រទេស មានបរិមាណសរុបចំនួន ៦៧ ១៣៦តោន (ថយចុះចំនួន ៦៨ ៤៤០ តោន ស្មើនឹង -៥០,៤៨%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ១៤៣ ២៩៣តោន (ថយចុះចំនួន ៤ ៦៥៦តោន ស្មើនឹង -៣,១៥%) ទិសដៅអាស៊ានចំនួន ៥ប្រទេស មានបរិមាណសរុបចំនួន ២៧ ១៣៦តោន(ថយចុះចំនួន ២៥ ៨៥១តោន ស្មើនឹង -៤៨,៧៩%) និងទិសដៅដទៃទៀតចំនួន២១ប្រទេស មានបរិមាណសរុប ៤២ ៨៨៥តោន (ថយចុះចំនួន ១៨ ២៦៣តោន ស្មើនឹង -២៩,៨៧%)»។
លោកបន្ដថា ក្រុមហ៊ុនដែលបាននាំចេញអង្ករមាន ចំនួន ៥៦ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយ ក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ២០៣ ៨៤៧តោន (៧២,៦៩%) និងក្រុមហ៊ុន ៤៦ដទៃទៀតបាននាំចេញត្រឹមតែ ៧៦ ៦០៣តោន (២៧,៣១%)។
ដោយឡែក ការនាំចេញស្រូវមាន ចំនួន១ ៦៩២ ៨១៣តោន ក្នុងរយៈពេល៦ខែឆ្នាំ២០២១ ទៅកាន់ប្រទេសវៀតណាម និងប្រទេសអារ៉ាប់រួម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៩០៣ ១៥២,៥២តោន) ដែលមានការកើនឡើងចំនួន ៧០៩ ៣០៥តោន (៧២,១២%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ៩៨៣ ៥០៨ តោន។
ជាងនេះទៅទៀត ក្នុងរយៈពេល៦ ខែឆ្នាំ២០២១ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ៣ ២៧០ ៩០២,៨១ តោន កើនឡើងចំនួន ១ ២៥៦ ០៤០,២០ តោន ស្មើនឹង ៦២,៣៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ២ ០១៤ ៨៦២,៦១ តោន ។
សូមរំលឹកថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួល បានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប ៤ ៤៥៤ ៥០៥,៣៣ តោន ទៅកាន់ទិសដៅ ៦២ប្រទេស គឺមានការកើនឡើងចំនួន ២ ០៤១ ៩៨២,៧២ តោនស្មើនឹង ៨៤,៦៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ៤១២ ៥២២,៦១ តោន៕