បច្ចេកវិទ្យា

ក្រសួងប្រៃសណីយ៍ បន្ដអំពាវនាវឲ្យចូលរួមប្រើប្រាស់ប្រព័ន្ធ QR Code ដើម្បីទប់ស្កាត់កូវីដ១៩

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអំពាវនាវសារជាថ្មីដល់គ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈនិងឯកជន ម្ចាស់អាជីវកម្ម ម្ចាស់ភោជនីយដ្ឋាន ម្ចាស់ទីតាំងដែលមានមនុស្សចេញ-ចូលច្រើន និងសាធារណជនទាំងអស់ ត្រូវតែចូលរួមប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» ឲ្យបានពេញលេញ តាមរយៈការដាក់ឲ្យមានមនុស្សនៅរង់ចាំត្រួតពិនិត្យការស្កេន QR Code នៅច្រកទ្វារ នៃទីតាំងរបស់ខ្លួន និងតម្រូវឱ្យអ្នកឆ្លងកាត់ត្រូវតែចូលរួមស្កេន QR Code ឲ្យបានគ្រប់ៗគ្នាជាដាច់ខាត។

តាមសេចក្ដីអំពាវនាវ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍ បានឲ្យដឹងថា ប្រព័ន្ធ QR Code នេះអាចប្រើជាសំណាញ់សុវត្ថិភាពគាំទ្រ ដល់ដំណើរការការងារជាធម្មតា តាមបែបគន្លងថ្មី ហើយសាធារណជនអាចទទួលបាន ការជូនដំណឹងទាន់ពេលវេលា ក្នុងករណីមានជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។

ក្រសួងប្រៃសណីយ៍ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា គ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈនិងឯកជន ម្ចាស់អាជីវកម្ម ម្ចាស់ភោជនីយដ្ឋាន និងម្ចាស់ទីតាំងដែលមានមនុស្សចេញ-ចូលច្រើន បង្កើត QR Code សម្រាប់ទីតាំងរបស់ខ្លួន ព្រមទាំងសូមសាធារណជនទាំងអស់មេត្តាចូលរួមស្កេន QR Code និង អនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥១,៣៨៤នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៤៤,៨៥៨នាក់ និងស្លាប់ ចំនួន៦២៨នាក់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top