ព័ត៌មានជាតិ

ក្រសួង ឲ្យពលរដ្ឋឈប់ប្រើឧបករណ៍បង្កើន និងពង្រីកកម្លាំងសេវា ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់សេវាទូរស័ព្ទចល័ត (Video)

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអំពាវនាវឲ្យប្រជាពលរដ្ឋ បញ្ឈប់ការប្រើប្រាស់ ឧបករណ៍បង្កើនកម្លាំងសេវា និងឧបករណ៍ពង្រីកសេវា ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់សេវាទូរស័ព្ទចល័ត ។

ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពី ក្រសួងប្រៃសណីយ៍ សង្កេតឃើញថា តាមរយៈការចុះត្រួតពិនិត្យ ហ្វ្រេកង់ស៍វិទ្យុ និងធ្វើការវាស់ស្ទង់គុណភាពសេវា ទូរស័ព្ទចល័តនៅក្នុងបរិវេណបុរីមួយចំនួន ក្នុងរាជធានីភ្នំពេញ បានរកឃើញថា ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា ឬឧបករណ៍ពង្រីកសេវា (Signal Booster/Repeater) បានបង្កការឆ្លងរំខាន និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់កម្រិតគុណភាពសេវាទូរស័ព្ទចល័ត នៅក្នុងតំបន់នោះ ។

ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍ បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា ឬឧបករណ៍ពង្រីកសេវា ធ្វើការរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍ទាំងនេះ ដោយខ្លួនឯងនៅតាមផ្ទះរបស់ខ្លួន។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួងប្រៃសណីយ៍ ក៏បានស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ បញ្ឈប់ការនាំចូលឧបករណ៍បង្កើនកម្លាំងសេវា ឬឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ ដែលពុំមានការទទួលស្គាល់ ប្រភេទពីនិយ័តករទូរគមនាគមន៍កម្ពុជា ជាបន្ទាន់ ជៀសវាងការប្រឈមនឹងវិធានការច្បាប់។

ក្រសួងប្រៃសណីយ៍ គូសបញ្ជាក់ថា យោងតាមមាត្រា៨៤ នៃច្បាប់ស្តីពីទូរគមនាគមន៍ បានចែងថា «ការបង្កើត ការដំឡើង ការប្រើប្រាស់ ឬការកែប្រែហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញទូរគមនាគមន៍ ឬគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ ដើម្បីបង្កការកាត់ផ្តាច់ ការរំខាន ឬការជ្រៀតជ្រែកលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធទូរគមនាគមន៍ ឬបង្កការប៉ះពាល់ដល់ សណ្តាប់ធ្នាប់សាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ (ពីរលាន) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល» ។

ស្របជាមួយគ្នានេះ ក្រសួងក៏បាននិងកំពុង ជំរុញប្រតិបត្តិករទូរសព្ទចល័ត ផ្លាស់ប្តូរគ្រឿងសម្ភារៈបរិក្ខានិងបច្ចេកវិទ្យា ព្រមទាំងសាងសង់ស្ថានីយអង់តែនបន្ថែម ដើម្បីពង្រីកវិសាលភាពគ្របដណ្តប់ និងពង្រឹងគុណភាពនៃសេវាផងដែរ ៕

To Top