ព័ត៌មានជាតិ

ចាប់ខ្លួនឪពុកចុង ញៀនថ្នាំ សម្លាប់កូនស្រីអាយុ២ឆ្នាំ ព្រោះខឹង វាយក្បាល និងយកជើងធូបចាក់ភ្នែក(Video)

ភ្នំពេញ៖ ជនសង្ស័យជាឪពុកចុងឈ្មោះ សុខ រដ្ឋា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនលើករណីអំពើឃាតកម្ម (វាយនិងយកជង្គង់អុកលើ ដើមទ្រូងបណ្តាលឲ្យស្លាប់) ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១។

ហេតុការណ៍នេះ កើតឡើងនៅត្រង់ចំណុចក្នុងផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២១ ។

យោងតាមស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)

ជនរងគ្រោះឈ្មោះ នន ស្រីនិច ភេទស្រី អាយុ ០២ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ ។

សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ ២០២១ វេលាម៉ោង ១៣ម៉១៥នាទី នៅចំណុចផ្ទះជួល ផ្លូវ លំ ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ជនរងគ្រោះឈ្មោះ នន ស្រីនិច ភេទ ស្រី អាយុ ២ ឆ្នាំ និងជនសង្ស័យជាឪពុកចុងឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ ២៩ ឆ្នាំ បាននៅក្នុងផ្ទះជួលតែ ២ នាក់ ខណៈនោះជនរងគ្រោះបានវាយក្បាល និងយកជើងធូបចាក់ភ្នែកជនសង្ស័យ។ ភ្លាមនោះជនសង្ស័យខឹង ក៏បានចាប់ជនរងគ្រោះ វាយខ្លួនប្រាណ និងយកជង្គង់អុកលើដើមទ្រូង បណ្ដាលឲ្យរបួសធ្ងន់ធ្ងរ ហើយក៏បាននាំជនរងគ្រោះ ទៅឲ្យជីតា របស់ជនរងគ្រោះឈ្មោះ ម៉ី ថុល ភេទ ប្រុស អាយុ ៦៦ ឆ្នាំ ដោយភូតកុហកថារូបគេរអិលជើង ដួលក្នុងបន្ទប់ទឹក សង្កត់លើជនរងគ្រោះបណ្ដាលឲ្យស្លាប់ ហើយឈ្មោះ ម៉ី ថុល ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យលើសាកសពជនរងគ្រោះឃើញមានស្នាមជាំខ្លួនប្រាណជាច្រើនកន្លែងមិនអាចរអិលជើងដួលសង្កត់លើដូចការអះអាងរបស់ជនសង្ស័យនោះទេ។

ពេលនោះសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យឈ្មោះ សុខ រដ្ឋា យកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ រយៈពេលយ៉ាងយូរទើបជនសង្ស័យឈ្មោះ សុខ រដ្ឋា ព្រមឆ្លើយសារភាពថារូបគេពិតជាបានវាយ និងយកជង្គង់អុកលើដើមទ្រូងជនរងគ្រោះបណ្តាលឲ្យស្លាប់ពិតប្រាកដមែន ។

បន្ទាប់មកឈ្មោះ ផុន សុខហាក់ ភេទ ស្រី អាយុ ២៧ ឆ្នាំ (ត្រូវជាម្ដាយបង្កើតរបស់ជនរងគ្រោះឈ្មោះ នន ស្រីនិច) បានមកដាក់ពាក្យបណ្ដឹងនៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ឲ្យចាត់ការតាមផ្លូវច្បាប់ ចំណែកសាកសពជនរងគ្រោះឈ្មោះ នន ស្រីនិច បានប្រគល់ឲ្យម្ដាយឈ្មោះ ផុន សុខហាក់ យកទៅធ្វើបុណ្យនៅវត្តសំបួរ សង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។


ជនសង្ស័យចំនួន០១នាក់ឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីចាត់ការបន្តតាមនីតិវិធី ៕

To Top