ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានថ្លែងថា ទោះបីជាស្ថិតនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩ យ៉ាងណាក្តីក៏ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាមនៅតែបន្តកើនឡើងខ្ពស់ នៅដើមឆ្នាំ២០២១ ។
នេះជាការថ្លែងរបស់សម្តេច ហេង សំរិន ក្នុងពេលអនុញ្ញាតឲ្យ លោក វូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចប់អាណត្តិជួបសម្តែងការគួរសម និងជម្រាបលា តាមប្រព័ន្ធវីដេអូនាថ្ងៃ២ កក្កដា ។

សម្តេចបានកត់សម្គាល់ថា ក្នុងរយៈពេលជាង៣ឆ្នាំ នៃបេសកកម្មរបស់លោកនេះបានរួមចំណែកលើកកំពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជាយ៉ាងច្រើន និងបានបន្តពូនជ្រុំ ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

សម្តេចប្រធានរដ្ឋសភា សម្តែងមោទកភាពចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទំាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន នៃប្រទេសទំាងពីរ មានការរីកចម្រើនជាលំដាប់ពីមួយថ្ងៃ ទៅមួយថ្ងៃ ។
សូមបញ្ជាក់ថា ត្រឹមរយៈពេល៣ខែ ចាប់ពីខែមករា-មីនា ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម មានកំណើនខ្ពស់ដល់ទៅ ១០៣% ឬស្មើ ២,៦៩ ពាន់លានដុល្លារ ខណៈការនាំចេញពីកម្ពុជាទៅវៀតណាម បន្តមានកំណើនខ្ពស់ខ្លាំង ប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ៕
