កំពង់ចាម ៖ ដោយសារតែវិបត្តិ នៃជំងឺកូវីដ-១៩ កំពុងតែឆ្លងរាលដាលទៅលើប្រជាពលរដ្ឋជាបន្តបន្ទាប់ ទើបអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា បានថ្លែងក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យឲ្យបង្កើនការប្រុងប្រយ័ត្ន ការពារខ្លួន ចាប់ពីខ្លួនឯងម្នាក់ៗ ដើម្បីចៀសវាងការឆ្លងជម្ងឺកូវីដ១៩ ក្នុងគ្រួសារ និងក្នុងសហគមន៍។
ការថ្លែងក្រើនរំលឹកដូច្នេះ លោកអភិបាលខេត្ត បានលើកឡើងនៅព្រឹកថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២១ ខណៈពេលនាំអំណោយផ្ដល់ជូនប្រជាពលរដ្ឋចំនួន ១៦៦គ្រួសារ នៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលកំពុងជួបការខ្វះខាតក្នុងជីវភាព ។
លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ដោយសារមានការឆ្លងជំងឺកូវីដ-១៩ នៅតាមមូលដ្ឋាន ហើយក្នុងតំបន់នោះត្រូវបានបិទខ្ទប់ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើង មិនអាចធ្វើដំណើរចេញក្រៅ ដើម្បីប្រកបមុខរបរ យកមកដោះស្រាយជីវភាពបាន ហេតុដូច្នេះ ទើបរដ្ឋបាលខេត្តកំពង់ចាម ជាពិសេសមានលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារ និងលោក ហ៊ុន ណេង អនុប្រធានក្រុមទី១ ក្រុមការងារ បានខិតខំស្វែងរកជំនួយពីសប្បុរសជននានា ដើម្បីបានជាគ្រឿងឧបភោគ បរិភោគ និងថវិកា យកមកផ្ដល់ជូនប្រជាពលរដ្ឋយើង ទុកដោះស្រាយជីវភាពក្នុងពេលដែលជួបការលំបាកនេះ ។
លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា កន្លងទៅនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលធំនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ គឺអាជ្ញាធរខេត្តកំពង់ចាម បានខិតខំប្រឹងប្រែងទប់ស្កាត់ ដោយប្រើប្រាស់យន្តការរបៀបរបបធ្វើការ ៤យ៉ាង សំខាន់ៗ ក្នុងនោះមាន ទី១៖ ការស្រាវជ្រាវរហ័ស ទី២៖ ការធ្វើតេស្តរហ័ស ទី៣ ៖ការធ្វើចត្តាឡីស័ករហ័ស ទី៤ ៖ការយកមកព្យាបាលរហ័ស ។
លោកអភិបាលខេត្តបានបញ្ជាក់ថា យុទ្ធសាស្ត្រទាំង ៤នោះ គឺបានដាក់ចេញ ព្រមគ្នា ដោយមានគណៈកម្មការដឹកនាំត្រឹមត្រូវ ដែលអ្នកអនុវត្តន៍នៅក្នុងមូលដ្ឋានមែនតួអង្គ ៤ដូចគ្នា គឺ ទី១ ចៅសង្កាត់និងមេឃុំ ទី២ មេប៉ុស្តិ៍នគរបាល ទី៣ ក្រុមគ្រូពេទ្យ ទី៤ គឺប្រធានភូមិ ដែលតួអង្គទាំង ៤នោះដើរតួយ៉ាងសំខាន់ ធ្វើសកម្មភាពជាប្រចាំ ក្នុងការទប់ស្កាត់កុំឲ្យជំងឺកូវីដ១៩ ឆ្លងរាលដាលជាទ្រង់ទ្រាយធំ នៅក្នុងសហគមន៍ ។
លោកអភិបាលខេត្តបានបន្តថា បើទោះបីជារដ្ឋបាលខេត្តគ្រប់គ្រង និងម្ចាស់ការដោះស្រាយបានយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋកុំធ្វើប្រហែស និងត្រូវចូលរួមសហការជាមួយអាជ្ញាធរ ដោយត្រូវការពារខ្លួន គឺផ្ដើមចេញពីខ្លួនយើងម្នាក់ៗ គ្រួសារនីមួយៗ និងសហគមន៍របស់យើង ដោយចាំបាច់ត្រូវគោរពអោយបានខ្ជាប់ខ្ជួន ទៅតាមវិធានការ ៣ការពារ និង៣កុំឲ្យបានត្រឹមត្រូវ និងវិធានការផ្សេងៗទៀតតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ផងដែរថាអំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង ១៦៦គ្រួសារ ក្នុង ១គ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, ត្រីខកំប៉ុង១យួរ , ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ , និងមី ១កេស ៕