ព័ត៌មានជាតិ

ស្ថានទូតអាមេរិក ប្រារព្ធអបអរខួបលើកទី ២៤៥ ទិវាឯករាជ្យ​ សហរដ្ឋអាមេរិក (មានVideo)

ភ្នំពេញ៖ ដើម្បីអបអរខួបលើកទី ២៤៥ នៃការបង្កើតឯករាជ្យ របស់សហរដ្ឋអាមេរិក ស្ថានទូតអាមេរិក នៅ ភ្នំពេញ មាន ក្តី សោមនស្ស រីករាយ សូមប្រកាសបង្ហាញវីដេអូ ស្តីពីការរៀបចំពិធីអបអរទិវា ៤ កក្កដា ថ្ងៃ ខួប ឯករាជ្យ នៃ ប្រទេស អាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតនៅថ្ងៃ ទី៥ ខែកក្កដា ២០២១។

នៅឆ្នាំ នេះ ស្ថានទូតបាន ធ្វើចាក់ផ្សាយនូវវីដេអូ នៃការប្រារព្ធ ពិធីអបអរសាទរ នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី៤ កក្កដាឆ្នាំ ២០២១។

លោកឯកអគ្គរដ្ឋទូត W. Patrick Murphy និងលោកស្រី Kathleen Norman បានចូលរួមជាអធិបតី តាមរយៈវីដេអូនៃការប្រារព្ធ ពិធីនាឆ្នាំនេះ ដែលរៀបចំធ្វើ ពីនិវេសនដ្ឋានឯកអគ្គរដ្ឋទូត នៅភ្នំពេញ។ នៅក្នុងវីដេអូមួយនេះ រួមមាន សារស្តីពី ថ្ងៃបុណ្យឯករាជ្យ ដែលថ្លែងដោយលោក ឯកអគ្គរដ្ឋទូត Murphy ការដើរក្បួនកាន់ទង់ជាតិ ដោយកងទាហានម៉ារីនអាមេរិក និងការច្រៀងបទភ្លេងជាតិសហរដ្ឋអាមេរិក និងចម្រៀងជាតិ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងដោយ អ្នក ចម្រៀងកម្ពុជា។

នៅក្នុងសុន្ទរកថា លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានថ្លែងថា ទិវាឯករាជ្យ របស់ប្រទេសអាមេរិក ជំរុញទឹកចិត្តរបស់ប្រជាជន នៅទូទាំងពិភពលោក ឲ្យស្វែងរកសេរីភាព និងសិទ្ធិជាសាកលដទៃទៀត។ លោក បានមានប្រសាសន៍ថា តាំងពីឆ្នាំ ១៧៧៦មក សហរដ្ឋអាមេរិក បានខិតខំធ្វើឲ្យប្រទេស ដែលត្រូវបានបង្កើតថ្មីនោះ ឱ្យមានលក្ខណៈល្អប្រសើរឡើង។ លោកមានប្រសាសន៍បន្ថែមថា៖ «យើងមានមោទនភាព ដែលសហរដ្ឋអាមេរិក គាំទ្រ និងការពារសិទ្ធិ ដែលគេមិនអាចកាត់ផ្តាច់ចេញបាន ដែលមនុស្សទាំងអស់ គួរតែមាន គឺសិទ្ធិមានជីវិត សេរីភាព និងសិទ្ធិ ក្នុងការស្វែងរកសុភមង្គល»។

លោកបន្ថែមថា ៖ «សិទ្ធិទាំងនេះរួមមាន សេរីភាពក្នុងការបញ្ចេញមតិ ក្នុងការប្រមូលផ្តុំគ្នា ក្នុងការប្រតិបត្តិ តាមសាសនា ក្នុងការមានដំណើរក្តីត្រឹមត្រូវ ក្នុងផ្លូវតុលាការ និងការមានរដ្ឋាភិបាល ដែលជារបស់ប្រជាជន កើតឡើងដោយ ប្រជាជន និងដើម្បីប្រជាជន»។

ជាផ្នែកមួយនៃវីដេអូអបអរទិវា ៤ កក្កដា ក្រុមសៀក របស់អង្គការ ហ្វារពន្លឺសិល្បៈ បានរៀបចំការសម្តែងសៀករួមគ្នា ដោយមានភាពរស់រវើក និងទាក់ទាញហើយមានចំណងជើង ជាភាសាអង់គ្លេសថា Freedom Is a Summer Blossom។

ទស្សនិកជន អាចទស្សនានូវវីដេអូនៃការ ប្រារព្ធខួបឯករាជ្យ និងការសម្តែងសៀកទាំងស្រុងនៅទីនេះ តាម រយៈ តំណនេះ ៖ https://fb.watch/6xaeevBO0-/

To Top