DAP News

ព័ត៌មានជាតិ

ឆមាសទី១ កម្ពុជា នាំចេញអង្ករ ទៅទីផ្សារអន្តរជាតិ ជាង២៨ម៉ឺនតោន គិតជាទឹកប្រាក់ជាង ២០០លានដុល្លារ

ភ្នំពេញ ៖ ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារគោលដៅទាំង៤៩ប្រទេសនៅលើសកលលោក ក្នុងបរិមាណអង្ករសរុបចំនួន ២៨០.៤៥០តោន ដែលគិតជាទឹកប្រាក់ចំនួន ២០២.៦៧ លានដុល្លារ ។ ការនាំចេញក្នុងឆមាសទី១នេះ បានធ្លាក់ចុះប្រមាណជា ២៩.៤៧% បើធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ តែមានបរិមាណប្រហាក់ប្រហែលគ្នា ទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ ២០១៨ និង ២០១៩ ។

បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ចំពោះទឹកប្រាក់នៃការនាំចេញក៏បានធ្លាក់ចុះចំនួន ២៣.៧១% ផងដែរ ដែលឆ្នាំ២០២០ ក្នុងឆមាសទី១ ទទួលបានទឹកប្រាក់ ២៦៥.៦៦លានដុល្លារ មកត្រឹម ២០២.៦៧លានដុល្លារនៅឆមាសទី១ ឆ្នាំ២០២១នេះ ។ ការធ្លាក់ចុះទាំងបរិមាណ និងតម្លៃ គឺដោយសារបញ្ហាប្រឈមលើការដឹកជញ្ជូន កង្វះសំបកកុងតឺន័រ ជាពិសេសសម្រាប់ទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ធ្វើឲ្យតម្រូវការ និងតម្លៃលក់ចេញនៅត្រឹមកំពង់ផែ របស់អង្ករក្រអូបកម្ពុជាធ្លាក់ចុះយ៉ាងគំហុកពីតំលៃមធ្យមប្រមាណ៩០០ដុល្លារ មកត្រឹមតម្លៃប្រហាក់ប្រហែល ៧៣០ដុល្លារក្នុងមួយតោនតែប៉ុណ្ណោះ ។

សម្រាប់ទីផ្សារបាននាំអង្ករចេញក្នុងឆមាសទី១ មានប្រទេសនាំមុខចំនួន៥ រួមមាន ៖ ១). ប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវ បាននាំចេញចំនួន ៥១.០៩% ស្មើនឹង ១៤៣ ២៩៣ តោន ២). ប្រទេសបារាំង ១០.៥០% ស្មើ ២៩ ៤៣៤ តោន ៣). ប្រទេសហ្កាប៊ុង ៧.៩៣% ស្មើនឹង ២២ ២២៨តោន ៤). ប្រទេសម៉ាឡេស៊ី ៦.៧៩% ស្មើនឹង ១៩ ០៣០តោន និងទី៥). ប្រទេសហូឡង់ ៣.៥៤% ស្មើ ៩ ៩២១ តោន។

ដោយឡែកចំពោះ ប្រភេទអង្ករនាំចេញក្នុងឆមាសទី១ ឆ្នាំ២០២១នេះដែរ ឃើញថា អង្ករក្រអូបប្រណីតមាន៣៧.៣៥% អង្ករក្រអូបធម្មតាមាន២៨.៥៦% អង្ករសគ្រាប់វែងមាន២៦% អង្ករចំហុយមាន២% អង្ករសរីរាង្គមាន២% អង្ករបាក់ ៣% អង្ករដំណើប ១.២២ %។

សម្រាប់ខែមិថុនា ឆ្នាំ២០២១នេះ អង្ករសរុបដែលកម្ពុជានាំចេញមានចំនួន៤៧ ៤១៩ តោន ដែលមានការកើនឡើង១៤.១% បើធៀបនឹងខែមិថុនា ឆ្នាំមុន គិតជាទឹកប្រាក់ ៣៣.៦៩លានដុល្លារ ដែលក្នុងនោះ ទីផ្សារប្រទេសចិន និងតំបន់ស្វយ័តមានចំនួន ២២ ៤៥៩ តោន គិតជាទឹកប្រាក់១៥.១៨លានដុល្លារ ដែលតួលេខនាំចេញទៅចិននេះមានកំនើន ១០២% បើធៀបទៅក្នុងខែមិថុនា ឆ្នាំ២០២០ ដែលមានបរិមាណត្រឹម ១១ ១២៤ តោន៕

To Top