ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា ៖ ជាករណីពិសេស ក្នុងការអនុញ្ញាតឲ្យជនជាតិ​ចិន មានសិទ្ធិចិញ្ចឹមតោឡើងវិញ (Video)

ភ្នំពេញ ៖ ឆ្លើយតបចំពោះខមិនរបស់ប្រជាពលរដ្ឋម្នាក់ ដែលបានលើកជាសំណួរថា តើពលរដ្ឋមានសិទ្ធិចិញ្ចឹមសត្វព្រៃ? សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែង ក្នុងករណីអនុញ្ញាតឲ្យបុរសជនជាតិចិន ចិញ្ចឹមសត្វរបស់ខ្លួនឡើងវិញនោះ គឺជាពិសេសដែលត្រូវលើកលែង និងយោគយល់ ។

ក្នុងអត្ថន័យរបស់សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ជាករណីពិសេសនោះ គឺត្រង់បុរសជនជាតិចិន រូបនេះ បានចិញ្ចឹមសត្វតោនេះ តាំងពីតូចមកម្ល៉េះ ដូច្នេះមានការត្រូវយោគយល់ ។

តាមរយៈខមិនតបទៅពលរដ្ឋម្នាក់នោះ សម្តេចតេជោបានបញ្ជាក់ថា “នេះជាករណីពិសេសដែលសត្វតោមួយនេះ គាត់(បុរសជនជាតិចិន)ចិញ្ចឹមតាំងពីតូចដែលយើងត្រូវយោគយល់” ។

សម្ដេចតេជោ ក្រោយពីជួបពិភាក្សាជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរួចមក កាលពីល្ងាចថ្ងៃ៤ កក្កដា បានសម្រេចអនុញ្ញាតឲ្យម្ចាស់តោ យកតោទៅចិញ្ចឹមវិញ ក្នុងលក្ខខណ្ឌឲ្យម្ចាស់ត្រូវធ្វើទ្រុងឲ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង»។

ចំពោះករណីផាកដែលបានកំណត់ឲ្យជនជាតិចិនបង់ចំនួន៣ម៉ឺនដុល្លារនោះ សម្តេចតេជោក៏បានឲ្យសង់ត្រឡប់ទៅវិញផងដែរ។ សម្តេចតេជោថ្លែងថា “បើសិនមានផាកពិន័យត្រូវជូនត្រឡប់ទៅវិញ”។

បុរសឈ្មោះ Qi Xiao ជាម្ចាស់តោវិញបានថ្លែងថា អំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ។ លោកថា សម្តេចតេជោបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ។

លោកបន្តថា “ជាបឋមខ្ញុំបាទសូមថ្លែងអំណរគុណយាខ្ពង់ខ្ពស់ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ។ ហើយក៏សូមអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ផងដែរ និងពុកម៉ែបងប្អូនប្រជាជនកម្ពុជាទាំងអស់ដែលបានជួយ និងគាំទ្រដល់“ហ៊ីម៉ា” របស់យើងខ្ញុំផងដែរ ។ធ្វើឲ្យខ្ញុំបាទរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងមានអារម្មណ៍កក់ក្តៅ ជាចុងក្រោយសុំជូនពរឲ្យកម្ពុជា និងចិនជាមិត្តដែកថែបជារៀងរហូត”។

សូមរំលឹកថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរចម្រុះរាជធានីភ្នំពេញដែលមានព្រះរាជអាជ្ញារងសហការជាមួយអង្គការ Wildlife Alliance បានរឹបអូសសត្វតោចិញ្ចឹមមួយក្បាលនៅក្នុងផ្ទះវីឡា មួយកន្លែង ស្ថិតនៅផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ ។

សត្វតោនោះ ត្រូវបានដឹងថា ជាសត្វតោឈ្មោលមានអាយុ១៨ខែ និងទម្ងន់៧០គីឡូក្រាម ហើយ ក្រោយការដកហូត ក្រុមជួយសង្គ្រោះបានបញ្ជូនសត្វតោនេះ ទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ប៉ុន្តែតោនោះ មិនស៊ីអាហារអស់រយៈពេលជាច្រើនថ្ងៃ ដោយសារឃើញស្ថានភាពបែបនេះ សម្តេចតេជោក៏បានអនុញ្ញាតឲ្យម្ចាស់យកមកចិញ្ចឹមវិញ ៕

To Top