ព័ត៌មានជាតិ

ប្រមុខការទូតអាស៊ាន-រុស្ស៊ី នឹងបើកកិច្ចប្រជុំពិសេស រំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃភាពជាដៃគូសន្ទនា

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៥ កក្កដានេះ បានឲ្យដឹងថា សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួល ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន- រុស្ស៊ី នាពេលបច្ចុប្បន្ន និងសហព័ន្ធរុស្ស៊ី នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ ។

កិច្ចប្រជុំពិសេសនេះ នឹងពិនិត្យឡើងវិញនូវសមិទ្ធផល នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី ដែលសម្រេចបានក្នុងរយៈពេល ២៥ឆ្នាំកន្លងមក លើវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការក្នុងវិស័យ នយោបាយ សន្តិសុខ ពាណិជ្ជកម្មនិងសេដ្ឋកិច្ច ការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជន ក៏ដូចជាបន្តតាមដានការងារក្រោយ កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេស អាស៊ាន-រុស្ស៊ី ស្តីពីជំងឺកូវីដ-១៩ ដែលបានប្រព្រឹត្តទៅកាលពីឆ្នាំមុន។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ គឺជាការបោះជំហានទៅមុខបន្ថែមទៀត នៅក្នុងភាពជាដៃគូ យុទ្ធសាស្រ្តអាស៊ាន-រុស្ស៊ី សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ក្នុងខណៈពិភពលោក កំពុងមានបញ្ហាប្រឈម។

គួរកត់សម្គាល់ផងដែរថា កម្ពុជានឹងទទួលតួនាទី ជាប្រទេសសម្របសម្រួលទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ចាប់ពីខែសីហា ឆ្នាំ២០២១ នេះ ៕

To Top