ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ បានបន្តកិច្ចប្រជុំរបស់ខ្លួន លើផែនការត្រួតពិនិត្យ ការផ្តល់ការព្យាបាល អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដើម្បីធ្វើយ៉ាងណា ឲ្យដំណើរការ នៃការព្យាបាលនៅតាមផ្ទះ មានគុណភាព និងសុវត្ថិភាព ដែលអាចទទួលយកបាន ខណៈអ្នកជំងឺកូវីដ ច្រើនលើសលប់ ចង់បានការព្យាបាលតាមផ្ទះវិញ ។ បច្ចុប្បន្នមានអ្នកជំងឺកូវីដ-១៩កំពុងព្យាបាលនៅ តាមផ្ទះជាង៣០០នាក់រួចហើយ ។
ក្នុងកិច្ចប្រជុំតាមរយៈ Video Conference នៅថ្ងៃទី៥ កក្កដា ឆ្នាំ២០២១នេះ លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា “យើងបានឃើញថា ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ ជំងឺកូវីដ-១៩ មិនមានការថមថយទេ តែបែរជាកើនឡើងខ្លាំង រហូតខ្វះកន្លែងទទួលអ្នកជំងឺ ។ ដូច្នេះហើយ ទើបយើងបង្កើតឲ្យមាន ជាការព្យាបាលជំងឺ នៅតាមផ្ទះនេះ ។ ការព្យាបាលនៅតាមផ្ទះនេះ ជារឿងល្អមួយ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺការគ្រប់គ្រងនិងមើលការខុសត្រូវ ដែលតម្រូវឲ្យអាជ្ញាធរមូលដ្ឋាន ជាអ្នកទទួលខុសត្រូវ” ។
ក្នុងពេលដាក់ឲ្យអនុវត្តព្យាបាល ជំងឺនៅតាមផ្ទះនេះ គឺអាជ្ញាធរ ខណ្ឌទាំង១៤ ជាអ្នកផ្តល់កិច្ចសហការ ជាមួយមន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យស្មគ្រ័ចិត្តTYDA ដោយបង្កើត ឲ្យមានទីបញ្ជាការ ស្រាល១កន្លែង ក្នុងមួយខណ្ឌ ដើម្បីប្រចាំបញ្ជាអន្តរាគមន៍ ជួយប្រជាពលរដ្ឋ ដែលត្រូវការឲ្យជួយ ដោយជំងឺកូវីដ-១៩ ពោលគឺនៅពេលមានបញ្ហាអ្វីមួយ ត្រូវជួយពួកគាត់ទាន់ ពេលវេលាតែម្តង ។
ក្នុងកិច្ចប្រជុំខាងលើនេះ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា “ការបន្តកិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិភាក្សាឲ្យស៊ីសង្វាក់គ្នា រវាងអាជ្ញាធរ ជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធថា តើការបង្កើត ឲ្យមានការព្យាបាលតាមផ្ទះហើយ យើងត្រូវអនុវត្តជូនពួកគាត់បែបណា ដែលអាចឲ្យពួកគាត់ទទួលយកបាន។ ក្រោយពីពិភាក្សាត្រូវគ្នាហើយ យើងនឹងបន្តយកទៅផ្សព្វផ្សាយ ដល់មន្ត្រី សង្កាត់ ខណ្ឌ ហើយនៅពេលដែលអាជ្ញាធរខណ្ឌ សង្កាត់ បានយល់ពីការងារនេះហើយ ក្រុមការងារនឹងធ្វើ សន្និសីទសារព័ត៌មានមួយ ដើម្បីឲ្យសាធារណជន បានយល់ដឹងជាសាធារណៈ ជាមួយនឹងការជូនដំណឹង ដល់ប្រជាពលរដ្ឋឲ្យចូលរួម ជាមួយអាជ្ញាធរផងដែរ ។
គួរបញ្ជាក់ថា ការរៀបចំឲ្យមាន យន្តការព្យាបាលអ្នកជំងឺកូវីដ-១៩តាមផ្ទះនេះ ធ្វើឡើងស្រប តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ហើយការងារនេះ រាជធានីភ្នំពេញបានឈានមួយជំហាន ទៅមុខរួចហើយ ដែលមកដល់ពេលនេះ មានអ្នកជំងឺប្រមាណជាង ៣០០នាក់ហើយ ដែលកំពុងសំរាកព្យាបាលនៅតាមផ្ទះ ពិសេសអាជីវករផ្សារអូឡាំពិក ៕