ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញ​ កំណត់ជាកំហិត ឲ្យដាក់សំរាមសើម ក្នុងថង់ពណ៌ខ្មៅ និងរឹងដាក់ថងស

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់កំហិត ឲ្យប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន នៃការគ្រប់គ្រងរបស់ខ្លួន ត្រូវទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ តាមរយៈការញែក សំរាម ជា២ប្រភេទផ្សេងគ្នា ។ ក្នុងនោះសំរាម ដែលជាសំរាមសើម ដូចជា ម្ហូបអាហារ សំណល់សរីរាង្គ ផ្លែឈើ ផ្កា ត្រូវដាក់ក្នុង ថងពណ៌ខ្មៅ ។ ចំណែកសំរាមស្ងួត ដូចជា ក្រដាស ក្រដាសកាតុង ឡាំង គ្រឿងប្លាស្ទីក ហ្វូម ជ័រ ដែក កំប៉ុង ដប ត្រូវដាក់ក្នុងថង់ស ។ នេះបើយោងតាមសេចក្តីណែនាំ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ នាថ្ងៃ១៦ កញ្ញា។

ក្រុមហ៊ុននឹងប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹង ដែលបានដាក់ក្នុងថង់ ដែលបានកំណត់ទាំង២ប្រភេទប៉ុណ្ណោះ ទៅតាមកម្មវិធីដាច់ដោយឡែកពីគ្នា ហើយមុននឹងដាក់សំរាមក្នុងថង់ ត្រូវសម្រិតទឹកឲ្យអស់ផងដែរ ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានហាមឃាត់ការវេចខ្ចប់សំណល់ ដែលបង្កគ្រោះថ្នាក់ ដូចជា អំបែងកញ្ចក់ និងសំណល់មុតស្រួចនានា លាយឡំជាមួយសំរាមសើម និងស្ងួត ។

សំរាមដែលបង្កគ្រោះថ្នាក់ទាំងនេះ ដាក់ចូលក្នុងធុងសំរាម ឬប្រអប់ដោយឡែក ឲ្យបានត្រឹមត្រូវ ហើយក្រុមហ៊ុននឹប្រមូលរៀង រាល់ថ្ងៃអាទិត្យ។ ក្នុងករណីទុកដាក់ខុសពីការណែនាំនេះ ក្រុមការងារនឹង ផាកពិន័យ នឹងធ្វើកំណត់ហេតុលើកទី១ ហើយបើនៅតែទុកដាក់ខុសទៀត នឹងទទួលការផាកពិន័យ ទៅតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន ព្រមទាំងប្តឹងទៅតុលាការ តាមកំហុសជាក់ស្តែង ៕

To Top