ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែងថា «ថ្នាលបាយ័ន» ជាផ្នែកដ៏សំខាន់មួយជួយជំរុញប្រសិទ្ធភាពការងាររបស់ «បណ្តាញអគ្គលេខាធិការ» សម្រាប់ការគ្រប់គ្រង និងបញ្ជូន-ទទួលឯកសាររបស់ក្រសួង ស្ថាប័ន ជាពិសេសបង្កើនប្រសិទ្ធភាពនៃចរន្តឯកសារដូចជាលិខិតអញ្ជើញជាដើម។
ថ្លែងប្រសាសន៍បើកពិធីប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការ លោក ហ៊ុន ម៉ានី បានលើកឡើងថា ឆ្ពោះទៅរកការកែទម្រង់រដ្ឋបាលសាធារណៈទំនើប ក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរួមសហការគ្នាយ៉ាងជិតស្និតស្អិតរមួតធ្វើការជំរុញបរិវត្តកម្មឌីជីថលរដ្ឋបាលសាធារណៈ តាមរយៈការបង្កើតថ្នាលឌីជីថលថ្មីមួយ «ថ្នាលបាយ័ន» និងនិយាមនីតិប្រតិបត្តិសម្រាប់ការគ្រប់គ្រង និងបញ្ជូន-ទទួលឯកសាររបស់ក្រសួង ស្ថាប័ន ឱ្យកាន់តែមានភាពរហ័ស តម្លាភាព និងប្រសិទ្ធភាពខ្ពស់។
លោកឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា «ថ្នាលបាយ័ន» ត្រូវបានរចនាឡើងប្រកបដោយភាពសាមញ្ញ ងាយស្រួលប្រើប្រាស់ និងមានសុវត្ថិភាពខ្ពស់ ដែលនឹងដើរតួជាបណ្តាញតភ្ជាប់ការងាររវាងអគ្គលេខាធិការដ្ឋាននៃក្រសួង-ស្ថាប័ននានា ឱ្យប្រទាក់ក្រឡាគ្នា កាត់បន្ថយពេលវេលា និងកសាងទំនុកចិត្តខ្ពស់លើការគ្រប់គ្រងឯកសារ។ ការដាក់ឱ្យប្រើប្រាស់ថ្នាលបាយ័ននេះ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តយ៉ាងមុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញបរិវត្តកម្មឌីជីថលនៅគ្រប់សរសៃឈាមនៃរដ្ឋបាលសាធារណៈ។
ផ្អែកតាមរយៈរបាយការណ៍របស់ លោក យក់ ប៊ុនណា នៅក្នុងក្របខ័ណ្ឌការងាររបស់បណ្តាញអគ្គលេខាធិការក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ «ថ្នាលបាយ័ន» ដែលជាថ្នាលឌីជីថលសម្រាប់បញ្ជូន-ទទួលឯកសារ ដោយចាប់ផ្តើមពីលិខិតអញ្ជើញ។
ជាមួយគ្នានេះ ដើម្បីធានានូវប្រសិទ្ធភាពនៃការចូលរួមអនុវត្តថ្នាលថ្មីនេះ ដែលនឹងត្រូវដាក់ឱ្យអនុវត្តសាកល្បងនាពេលខាងមុខ ក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ៤លើក ដែលមានសិក្ខាកាមជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទទួលបន្ទុកសេវារដ្ឋបាលរបស់ក្រសួង ស្ថាប័ន ចំនួន២៨ សរុបប្រមាណ ៣២៧រូប បានចូលរួមវគ្គបណ្តុះបណ្តាល ដោយទទួលបានចំណេះដឹង បទពិសោធ រួមទាំងការអនុវត្តសាកល្បងដោយផ្ទាល់ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងដំណើរការការអនុវត្តជាក់ស្តែងឆាប់ៗខាងមុខ៕
