ព័ត៌មានអន្តរជាតិ

តម្លៃប្រេងធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលជាងមួយសប្តាហ៍ ដោយសារក្តីសង្ឃឹមពី ដំណោះស្រាយតាមផ្លូវការទូត ចំពោះជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់

បរទេស៖ នៅថ្ងៃចន្ទ តម្លៃប្រេងបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងមួយសប្តាហ៍ ដោយសារមានក្តីសង្ឃឹមថាដំណោះស្រាយតាមផ្លូវការទូតចំពោះជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងមានឱកាសកើតឡើងនៅសប្តាហ៍នេះ ខណៈពេលដែលមានកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ និងស្របពេលដែលវិនិយោគិនកំពុងតាមដានការងើបឡើងវិញខ្លះៗនៃការដឹកជញ្ជូនប្រេងពីប្រទេសអារ៉ាប៊ីសាអូឌីត ទោះបីជាមានការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់ក្រុមហ៊ូធី (Houthis) របស់ប្រទេសយេម៉ែនក៏ដោយ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ថា នៅដើមថ្ងៃចន្ទ តម្លៃសម្រាប់ប្រេងឆៅ Brent និងប្រេងឆៅ US West Texas Intermediate (WTI) បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី ១០ ខែកញ្ញាមក។ តម្លៃប្រេង Brent បានធ្លាក់ចុះ ២,១៦ ដុល្លារ ឬ ២,០៨% មកនៅត្រឹម ១០១,៧១ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានបិទការជួញដូរដោយធ្លាក់ចុះ ០,៩១% កាលពីថ្ងៃសុក្រ។

ចំណែកប្រេងឆៅ US West Texas Intermediate បានធ្លាក់ចុះ ២,១៥ ដុល្លារ ឬ ២,១៤% មកនៅត្រឹម ៩៨,១៥ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះ ១,៥៨% នៅក្នុងវគ្គជួញដូរមុននេះ។

លោក Tim Waterer ប្រធានអ្នកវិភាគទីផ្សារនៅក្រុមហ៊ុន KCM Trade បានមានប្រសាសន៍ថា៖ «ហាក់ដូចជាតម្លៃបន្ថែមដែលបង្កឡើងដោយកត្តាហានិភ័យ (risk premium) កំពុងត្រូវបានកាត់ចេញពីតម្លៃប្រេង ដោយសារមានក្តីសង្ឃឹមថា ផ្លូវការទូតដើម្បីកាត់បន្ថយភាពតានតឹងនៃជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងលេចចេញជារូបរាងនៅសប្តាហ៍នេះ»។

ប្រែសម្រួលៈ ណៃ តុលា

To Top