ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃកម្ពុជា បានផ្ដល់ទិដ្ឋាការប្រភេទទេសចរណ៍ T ជូនភ្ញៀវទេសចរជនបរទេសលើនាវា ចំនួន ២០០នាក់ មកពី ១៥សញ្ជាតិ បន្ទាប់ជាប់គាំនៅខេត្តព្រះសីហនុ ដោយសារក្រុមហ៊ុននាវាអស់ថវិកា។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ថា «អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានផ្ដល់ទិដ្ឋាការប្រភេទទេសចរណ៍ T ជូនភ្ញៀវទេសចរជនបរទេស លើនាវា សរុបចំនួន ២០០នាក់ (ស្រី១១៦) មកពី ១៥សញ្ជាតិ»។
បច្ចុប្បន្ន នេះភ្ញៀវទេសចរណ៍ទាំងអស់ បានចុះចេញពីនាវា និងកំពុងសម្រាកនៅក្នុងខេត្តព្រះសីហនុ។ ដោយឡែក នាវាក៏មានផ្ទុកនាវិក សរុបចំនួន ១៥៦នាក់ (ស្រី ១២នាក់) មកពី ១៦សញ្ជាតិ។
សូមរំលឹកថា អ្នកដំណើរប្រមាណ ២០០នាក់ ត្រូវបានបញ្ជាឱ្យចុះពីនាវាទេសចរណ៍ Odyssey ភ្លាមៗ បន្ទាប់ពីជាប់គាំងនៅក្រុងព្រះសីហនុ ព្រោះក្រុមហ៊ុន ដែលដំណើរការនាវានេះអស់ថវិកា។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦៕







