តំណាងធនាគារ ARDB ចូលរួមពិធីចុះ MOU ស្តីពីកិច្ចសហប្រតិបត្តិការផ្គត់ផ្គង់ដំឡូងមីក្រៀម និងពោត នៅវៀតណាម
វៀតណាម៖ ដោយទទួលបានការអនុញ្ញាតពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៦ នេះ លោក ចាន់ សីហា អគ្គនាយករងនៃធនាគារ ARDB រួមជាមួយសហការី បានអញ្ជើញចូលរួមជាគណៈធិបតី និងជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន HANG HARVEST AGRICULTURE CO., LTD និងក្រុមហ៊ុន VIETNAM GREENHOUSE MTV COMPANY LIMITED ស្តីពីកិច្ចសហប្រតិបត្តិការផ្គត់ផ្គង់ដំឡូងមីក្រៀម និងពោត ក្នុងបរិមាណសរុប ៤០០,០០០ (បួនរយពាន់) តោន ក្នុងរយៈពេល ២ (ពីរ) ឆ្នាំ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងនៅសណ្ឋាគារ Daewoo Hotel ទីក្រុងហាណូយ ប្រទេសវៀតណាម ក្រោមការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ និងភ្ញៀវកិត្តិយសជាច្រើនរូប។
កិច្ចសហប្រតិបត្តិការនេះ មានសារៈសំខាន់ណាស់ក្នុងការជួយពង្រីកទីផ្សារនាំចេញដំឡូងមី និងពោតកម្ពុជា និងពង្រីកខ្សែចង្វាក់ផលិតកម្មកសិកម្ម បង្កើនទីផ្សារប្រកបដោយស្ថិរភាពសម្រាប់ប្រជាកសិករកាន់តែទូលំទូលាយ រួមទាំងលើកកម្ពស់ប្រាក់ចំណូល និងជីវភាពកសិករ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម និងកំណើនសេដ្ឋកិច្ចជាតិផងដែរ។

កិច្ចសហប្រតិបត្តិការនេះក៏ជាការរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និងបង្កើតមូលដ្ឋានសម្រាប់ការពង្រីកកិច្ចសហការក្នុងវិស័យកសិកម្មនាពេលអនាគត។
ក្នុងនាមជាធនាគារដែលមានតួនាទីគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ធនាគារ ARDB នឹងបន្តយកចិត្តទុកដាក់លើការជំរុញការតភ្ជាប់រវាងអ្នកផលិត អ្នកផ្គត់ផ្គង់ និងទីផ្សារ ដើម្បីរួមចំណែកលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកសិកម្មកម្ពុជា និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព៕




