កំពង់ចាម ៖ ប្រជាពលរដ្ឋ ៤០០គ្រួសារ ដែលកំពុងជួបបញ្ហាជីវភាព ក្នុងកំឡុងការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ ស្ថិតក្នុងឃុំព្រែកពោធិ៍ស្រុកស្រីសន្ធរ ទទួលអំណោយពីរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២១ ។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា អំណោយ ជាគ្រឿង ឧបភោគ បរិភោគ ដែលរដ្ឋបាលខេត្តបានរៀបចំ ជូនបងប្អូនប្រជាពលរដ្ឋ ខ្វះខាតក្នុងដំណាក់កាល នៃ ការបិទខ្ទប់នេះ គឺជាការបញ្ជាក់ អំពីការគោរពស្រឡាញ់ និងការយកចិត្តទុកដាក់ ដើម្បីលើកកម្ពស់កម្រិតជីវភាព របស់បងប្អូនឲ្យមានលំនឹង ដើម្បីទប់ខ្លួនកុំឲ្យធ្លាក់ចូល ទៅក្នុងភាពក្រីក្រ ដោយសារតែវិបត្តិជំងឺកូវីដ១៩នេះ ។


ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្តបានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាខិតខំការពារ សុខភាពរៀងៗខ្លួន កុំអោយជំងឺនេះកើតមាន នៅក្នុងសមាជិកគ្រួសារ និងនៅក្នុងសហគមន៍ ដោយត្រូវអនុវត្តអោយ បានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ” ៣ការពារ និង ៣កុំ ” ពិសេស ការលាងសម្អាតដៃជាប្រចាំ ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ កាតព្វកិច្ចរក្សាគម្លាតបុគ្គល តាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ក្នងដំណាក់កាល នៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ ៕
