ភ្នំពេញ៖ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការបន្ទាន់ ចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) បានសម្រេចចុះកិច្ចព្រមព្រៀង ដាក់ឲ្យដំណើរការជាផ្លូវការ នូវគម្រោងសហប្រតិបត្តិការ បច្ចេកទេសស្តីពី «គម្រោងពង្រឹងសមត្ថភាព ដើម្បីឆ្លើយតបទៅនឹង វិបត្តិជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា»។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ JICA នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា គោលបំណងនៃគម្រោងនេះ គឺដើម្បីពង្រឹងប្រព័ន្ធចែកចាយ វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងពង្រឹងសមត្ថភាព ការធ្វើរោគវិនិច្ឆ័យ ព្រមទាំងប្រព័ន្ធតាមដាន និងវាយតម្លៃដើម្បីឆ្លើយតប ទៅនឹងវិបត្តិជំងឺកូវីដ-១៩។
ពិសេសជាងនេះទៅទៀត តាមរយៈគម្រោងនេះ គឺ ទី១- ប្រព័ន្ធចែកចាយវ៉ាក់សាំង ,ទី២- សមត្ថភាពធ្វើរោគវិនិច្ឆ័យ រកជំងឺកូវីដ-១៩ នៅតាមបណ្តារមន្ទីរពិសោធន៍ ថ្នាក់តំបន់ ,ទី៣- សមត្ថភាពធ្វើរោគវិនិច្ឆ័យ រកជំងឺកូវីដ-១៩ និងជំងឺរលាកសួត និងទី៤-ការតាមដានថែទាំ មន្ទីរពិសោធន៍រកជំងឺកូវីដ-១៩ ក៏ដូចជាការវាយតម្លៃ កម្មវិធីផ្តល់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ តាមរយៈការណែនាំអំពីការធ្វើ Serological Test នឹងត្រូវបានពង្រឹង។
ដើម្បីសម្រេចបាន នូវគោលដៅខាងលើ ការបង្កើតនូវប្រព័ន្ធសម្រាប់ថែរក្សា និងដឹកជញ្ជូនវ៉ាក់សាំង ក៏ដូចជាឧបករណ៍ និងសម្ភារសម្រាប់ធ្វើតេស្ត (PCR) និងធ្វើវិភាគឈាម រួមទាំងម៉ាស៊ីន Computer-Aided Diagnosis (CAD) នឹងត្រូវបានផ្តល់ជូន ទៅក្រសួងសុខាភិបាល រួមជាមួយការបណ្តុះបណ្តាល សម្រាប់ការប្រើប្រាស់ ឧបករណ៍ទាំងនោះផងដែរ។
ខណៈពេលនៃការចាប់ផ្តើម គម្រោងនេះ ទីភ្នាក់ងារ JICA បានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការសហការជាមួយ ក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ក្រោមក្របខ័ណ្ឌ «JICA’s Initiative for Global Health and Medicine»៕