ភ្នំពេញ ៖ លោក ហឿន សំនៀង នាយកវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន បានថ្លែងថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្ដេជ្ញាកសាងធនធានមនុស្ស ប្រកបដោយ ជំនាញច្បាស់លាស់ ទាំងចំណេះដឹង ទូលំទូលាយ អត្តចរិត និងចរិយាសម្បត្តិត្រឹមត្រូវ (specialization, knowlege, and moral characters)។
ក្នុងពិធីបើកវគ្គបំប៉នសមត្ថភាព ភាសាអង់គ្លេស ដល់និស្សិតជំនាន់ទី១ នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ លោក ហឿន សំនៀង បានគូសបញ្ជាក់ ពីការយកចិត្ដទុកដាក់ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការកសាងសមត្ថភាព និស្សិតឲ្យក្លាយទៅជា ធនធានមនុស្សប្រកបដោយ គុណភាព និងសក្ដានុពលខ្ពស់ ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍសង្គមជាតិ ជាមួយរាជរដ្ឋាភិបាល និងជាធនធានមួយដ៏ខ្លាំងពូកែ ដែលនឹងប្រកួតប្រជែង ក្នុងទីផ្សារជាតិ និងអន្ដរជាតិនាពេលអនាគត ក៏ដូចជាបម្រើដល់ការសិក្សា ស្រាវជ្រាវ និងការទំនាក់ទំនង របស់និស្សិតផងដែរ។
លោក បញ្ជាក់ថា «វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន មានការប្ដេជ្ញាចិត្ដខ្ពស់បំផុត ក្នុងការកសាងធនធានមនុស្ស ប្រកបដោយជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ និងអត្តចរិត ចរិយាសម្បត្តិត្រឹមត្រូវ (specialization, knowlege, and moral characters) និងបានសំណូមពរឱ្យសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ចូលរួមជាមួយវិទ្យាស្ថាន ក្នុងការផ្ទេរពុទ្ធិ ចំណេះដឹង ចំណេះធ្វើ និងការអប់រំអត្តចរិត និងចរិយាសម្បត្តិ ដល់និស្សិតឱ្យល្អប្រសើរ និងប្រកបដោយគុណភាពខ្ពស់»។
ជាមួយគ្នានេះផងដែរ លោក ហឿន សំនៀង ក៏បានជំរុញលើកទឹកចិត្ត ឲ្យនិស្សិតខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ក្នុងការតស៊ូសិក្សារៀនសូត្រ ឲ្យបានពូកែ ដើម្បីឆ្លើយតប ទៅនឹងគោលបំណង នៃការបើកថ្នាក់បំប៉នសមត្ថភាព ភាសាអង់គ្លេស និងការបង្កើតឲ្យមាន វិទ្យាស្ថានតេជោសែននេះ ដើម្បីខ្លួនឯង ដើម្បីគ្រួសារ និងសង្គមជាតិផងដែរ។
សូមជម្រាបជូនថា កម្មវិធីបំប៉នភាសាអង់គ្លេសនេះ បង្កើតឡើងក្រោយពីបានសង្កេតឃើញថា សមត្ថភាពភាសាអង់គ្លេស របស់និស្សិតភាគច្រើននៅមានកម្រិត។ មុនពេលចូលរៀន និស្សិតត្រូវឆ្លងកាត់ការប្រឡងវាស់ស្ទង់ សមត្ថភាពភាសាអង់គ្លេស (English Proficiency Test) ដែលក្នុងនោះត្រូវបែងចែកជា ៣ កម្រិត គឺ៖ Elementary Pre-Intermediate និងIntermediate។
លោកគ្រូ-អ្នកគ្រូ ដែលត្រូវបង្រៀនថ្នាក់បំប៉នសមត្ថភាព ភាសាអង់គ្លេសនេះ ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាល នៅថ្នាក់ឧត្ដមសិក្សា និងការសម្ភាស ពីគណៈកម្មការជំនាញ របស់វិទ្យាស្ថានថ្នាក់បំប៉ននេះ វគ្គនេះចូលរៀនចាប់ម៉ោង ៥.៣០ល្ងាច ដល់ម៉ោង៧.០០យប់ រៀងរាល់ថ្ងៃចន្ទ-ពុធ-សុក្រ ហើយនិស្សិតមិនត្រូវបាន តម្រូវឱ្យបង់ប្រាក់ ឬកម្រៃសេវាបន្ថែមអ្វីឡើយ។
សូមបញ្ជាក់ជូនថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕