ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានប្រាប់លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលីថា កម្ពុជាបានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយបណ្តា ប្រទេសជាសមាជិកអាស៊ាន និងដៃគូអាស៊ានដទៃទៀត ដើម្បីគាំទ្រដល់ការវិលត្រឡប់ ទៅរកមាគ៌ានៃប្រក្រតីភាព និងការផ្លាស់ប្តូរតាមរយៈប្រជាធិបតេយ្យ របស់ប្រទេសមីយ៉ាន់ម៉ា ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ លោកស្រី ម៉ារីស ផេន ។ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានពិភាក្សាគ្នាលើបញ្ហាសំខាន់បន្ទាន់ ដូចជា កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតប ទៅនឹងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធានាបាននូវការស្តារ សេដ្ឋកិច្ចឡើងវិញឆាប់រហ័ស រួមទាំងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួមគ្នា រួមទាំងការវិវត្តនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។
ចំពោះបញ្ហាមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ពីការត្រៀមខ្លួន របស់កម្ពុជាក្នុងការធ្វើការជាមួយ បណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូអាស៊ានដទៃទៀត ដើម្បីគាំទ្រដល់ការវិលត្រឡប់ ទៅរកមាគ៌ានៃប្រក្រតីភាព និងការផ្លាស់ប្តូរតាមរយៈប្រជាធិបតេយ្យ របស់ប្រទេសមីយ៉ាន់ម៉ា។
សូមបញ្ជាក់ថា ចាប់តាំងពីរបបយោធាបានផ្តួលរំលំ លោកស្រី អ៊ុងសានស៊ូជី រដ្ឋាភិបាលជាប់ឆ្នោតមីយ៉ាន់ម៉ា តាមបែបប្រជាធិបតេយ្យកាលពីថ្ងៃ១ កុម្ភៈរហូតមកទល់ពេលនេះ មានរយៈពេលជាង ៥ខែហើយ ហើយអាស៊ាន នៅតែមិនអាចតែងតាំង ប្រេសិតពិសេស ដើម្បីជួយដោះស្រាយវិបត្តិ នយោបាយរបស់ប្រទេស ជាសមាជិកមួយនេះបានទេ។ ក្នុងរយៈពេលជាង៥ខែនេះ មានមនុស្សជាង ៨០០នាក់ត្រូវបានសម្លាប់ និងមនុស្ស ៦០០០នាក់ត្រូវបានឃុំខ្លួន ៕