ភ្នំពេញ ៖ សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន បានសម្រេចតែងតាំង លោក ហើស សិរីធន់ និង តាន់ វុទ្ធាជាទីប្រឹក្សារបស់សមាគមសម្រាប់អាណត្តិរយៈពេល៥ឆ្នាំ ចាប់តាំងពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះតទៅ ។
ការតែងតាំងនេះ ត្រូវបានចុះហត្ថលេខាទទួលស្គាល់ដោយលោក សយ សុភាព សហប្រធានសមាគមសារព័ត៌មានកម្ពុជា ចិន ខាងកម្ពុជា និង លោក លីវ ស៊ាវគ័ង សហប្រធានសមាគមសារព័ត៌មានកម្ពុជា ចិន ខាងភាគីចិន។
ការតែងតាំងលោកទាំង២ជាទីប្រឹក្សានេះ ក្រោយពីលោក សយ សុភាពដែលគេដឹងថា ធ្លាប់បានកាន់កាប់តំណែង ជាសហប្រធានភាគីខាងខ្មែរ នាគ្រាទើបបង្កើតឡើងកាលពីពាក់កណ្តាលឆ្នាំ២០១៩នោះ ត្រូវបានសមាជិកគណៈកម្មាធិការនាយកទាំង៩នាក់បោះឆ្នោតជាឯកច្ឆ័ន្ទឲ្យធ្វើជាសហប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិនម្តងទៀត កាលពីថ្ងៃ៥ កក្កដា ។
សមាគមអ្នកសារព័ត៌មានកម្ពុជា ចិនដែលមានអក្សរកាត់ជាភាសាខ្មែរសសកច និងភាសាអង់គ្លេសជា CCJA មានអាយុកាលជាង២ឆ្នាំហើយ ចាប់រាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក Zuo Wenxing ទីប្រឹក្សានយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជា ៕


