ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីករណីជាសះស្បើយចំនួន ៧៦នាក់ និងបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ៥៣នាក់ ក្នុងនោះស្រុកកំពង់សៀម៨នាក់ ស្រុកចំការលើ៦នាក់ ស្រុកជើងព្រៃ៥នាក់ ស្រុកបាធាយ៩នាក់ ស្រុកស្ទឹងត្រង់២នាក់ ស្រុកកងមាស៦នាក់ ស្រុកស្រីសន្ធរម្នាក់ ស្រុកព្រៃឈរ១៣នាក់ មកពីខេត្តត្បូងឃ្មុំម្នាក់ និងកំពង់ធំ២នាក់។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។
ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 070 828 788/012 736 755។